ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំក្រុមការងារបច្ចេកទេសក្រសួង បន្តចុះពិនិត្យស្ថានភាពទឹកជំនន់ដែលបង្កផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់រួមមាន៖ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវលេខ២២ ផ្លូវលេខ៤១ និងផ្លូវជាតិលេខ៤
នាព្រឹកថ្ងៃសុក្រ ១៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង បន្តចុះពិនិត្យស្ថានភាពទឹកជំនន់ ដែលបង្កផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវលេខ២២ ផ្លូវលេខ៤១ និងផ្លូវជាតិលេខ៤ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនសាងសង់ អាជ្ញាធរដែនដី និងបណ្ដាភាគីពាក់ព័ន្ធផងដែរ។
សូមជម្រាបជូនថា៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ជំនន់ទឹកភ្លៀងបានបន្តវាយលុកយ៉ាងខ្លាំងនៅបណ្តាខេត្តជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា បណ្ដាលឲ្យប្រជាពលរដ្ឋចំនួន ១៨នាក់បានបាត់បង់អាយុជីវិត បង្កមហន្តរាយដល់ទ្រព្យសម្បត្តិ និងមនុស្សរាប់ពាន់នាក់ផ្សេងទៀតត្រូវបានជម្លៀសរកទីទួលសុវត្ថិភាព បញ្ហានេះបានបង្កជាក្តីបារម្ភថា៖ គ្រោះធម្មជាតិនេះនាំឲ្យមានការខូចខាតសេដ្ឋកិច្ចកម្ពុជា ដែលកំពុង រងឥទ្ធិពលពីវិបត្តិជំងឺកូវីដ-១៩ ដែលមានស្រាប់ទៅហើយនោះ។
យោងតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០របស់ក្រសួងធនធានទឹក និងឧតុនិយមឲ្យដឹងថា៖ ជំនន់ទឹកភ្លៀងនេះបង្កឡើងដោយព្យុះឈ្មោះ ណាងកា និងព្យុះមួយទៀតឈ្មោះថាសូដែល បង្កើតជាប្រព័ន្ធសម្ពាធទាបបន្តលាតសន្ធឹងមកលើកម្ពុជា បានបណ្តាលឲ្យផ្លូវថ្នល់ចំនួន១០១ខ្សែ មានចំនួន២៤៩កំណាត់ និងមានប្រវែងសរុបចំនួន ៣២៤,២៩ គីឡូម៉ែត្រត្រូវបានទទួលរងនូវការលិចលង់ ក្នុងនោះរួមមាន៖ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ និងបណ្ដាផ្លូវជាតិសំខាន់ៗជាច្រើនខ្សែថែមទៀតផងដែរ។
ស្ថានភាពជំនន់ទឹកភ្លៀងនេះបានបង្កផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់កម្ពុជា គិតត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ រាជធានី ខេត្តចំនួន១៧ បានទទួលរងនូវការជន់លិចរួមមាន៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង កែប កំពង់ចាម កំពង់ឆ្នាំង កណ្ដាល កំពង់ស្ពឺ រាជធានីភ្នំពេញ ព្រៃវែង ពោធិ៍សាត់ ស្វាយរៀង សៀមរាប រតនគិរី តាកែវ ឧត្តរមានជ័យ ប៉ៃលិន និងខេត្តត្បូងឃ្មុំ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្នុងដំណើរបេសកកម្មចុះពិនិត្យផ្លូវ ដែលទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀង ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំឲ្យក្រុមហ៊ុនសាងសង់ ដែលកំពុងសាងសង់ផ្លូវជាតិលេខ៣ យកដុំថ្មនិងបាវខ្សាច់មកទប់ទឹកដែលកំពុងហូរច្រោះកាត់កំណាត់ផ្លូវជាតិលេខ៣ នៅកំពង់ទួល ឋិតក្នុងភូមិសាស្ត្រខេត្តកណ្តាល ដើម្បីទប់ស្កាត់កុំឱ្យទឹកហូរកាត់ផ្ដាច់ផ្លូវ បង្កការជន់លិចទៅដល់ខ្នងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋរាប់ពាន់ខ្នង ឋិតនៅខាងក្រោមផ្លូវ។
ជាមួយគ្នានោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានជម្រាបជូនផងដែរថា៖ ក្រុមការងារជំនាញពាក់ព័ន្ធរបស់ក្រសួង នឹងចុះធ្វើបញ្ជីប៉ាន់ស្មានចំពោះទំហំការខូចខាតផ្លូវថ្នល់ទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីស្នើសុំកញ្ចក់ថវិកាយកមកជួសជុល នៅពេលទឹកស្រកទៅវិញភ្លាម។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានអំពាវនាវដល់ម្ចាស់យានយន្តដឹកជញ្ជូនធុនធ្ងន់សូមកុំបើកបរនៅលើផ្លូវទាំងឡាយដែលកំពុងទទួលរងការជន់លិច និងស្ដាប់តាមការណែនាំរបស់អាជ្ញាធរមាន សមត្ថកិច្ច ដើម្បីបង្ការកុំឲ្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់របស់យើងរងការខូចខាតកាន់តែធ្ងន់ធ្ងរថែមទៀត និងបានស្នើសុំការអភ័យទោសពីសំណាក់បងប្អូនប្រជាពលរដ្ឋ ចំពោះការបិទផ្លូវមួយចំនួន មិនឱ្យរថយន្តធុនធំធ្វើចរាចរណ៍ជាបណ្ដោះអាសន្ន ក្នុងគ្រាដ៏លំបាកនេះ។
ដោយឡែក ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋក្នុងពេលអញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកជំនន់ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់ចំពោះសុវត្ថិភាពរបស់ខ្លួនក្នុង ពេលទឹកជំនន់កំពុងវាយប្រហារ ជាពិសេសសុខភាពផ្ទាល់ខ្លួន ដោយត្រូវទទួលទានទឹកស្អាត ដើម្បីចៀសវាងជំងឺដង្កាត់ផ្សេងៗ៕