ឆក់ទៀតហើយ ! នារីម្នាក់ត្រូវជនសង្ស័យធ្វើសកម្មភាពឆក់កាបូបបានសម្រេចរួចគេចខ្លួនបាត់ស្រមោល សមត្ថកិច្ច បានត្រឹមតែនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង
ភ្នំពេញ ៖ អាណិតណាស់! នារីម្នាក់ឈរយំស្ដាយលុយកាក់និងទូរសព្ទ័របស់ខ្លួនដែលត្រូវក្រុមចោរឆក់យកបាត់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៥០នាទីព្រឹកព្រលឹមថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នៅត្រង់ចំណុចជិតវិទ្យាស្ថាន វ៉ាន់ដា តាមបណ្តោយផ្លូវម៉ៅសេទុង សង្កាត់ ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ចន រស្មី ភេទស្រីអាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត សាលាN.U.Mឆ្នាំទី៤ស្នាក់នៅផ្លូវវ៉េងស្រេងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៏សែនជ័យ។មានស្រុកកំណើតនៅភូមិស្វាយរៀង ឃុំស្វាយរៀង ស្រុកនិងខេត្តស្វាយរៀង ។
បើតាមសម្ដីនារីរងគ្រោះបានរៀបរាប់ទាំងទឹកភ្នែកឲ្យដឹងថា ដំបូងរូបគាត់បានជិះម៉ូតូម៉ាកហុងដាគុប ពណ៌ទឹកសមុទ្រ ពាក់ផ្លាកលេខព្រៃវែង1G-6142ចេញពីផ្ទះម្ដុំផ្លូវវេងស្រេងបត់មកផ្លូវ 217 រហូតដល់ស្តុបថៃប៊ុនរ៉ុងក៏បត់ស្ដាំតាមបណ្ដោយផ្លូវម៉ៅសេងទុង ទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យ ២នាក់ ជិះម៉ូតូម្នាក់មួយគ្រឿងម៉ូតូទីមួយគឺម៉ាកឌ្រីមសង់មិនចាំស្លាកលេខ ម៉ូតូទី 2 គឺម៉ាក pcx ពណ៌សមិនចាំស្លាកលេខមកពីខាងក្រោយ អម ទាំងសង្ខាងហើយធ្វើសកម្មភាពឆក់កាបូបរបស់គាត់ បណ្ដាលឲ្យដាច់កាបូបនៅសល់តែខ្សែការបូបជាប់នឹងខ្លួន ភ្លាមៗរូបបានស្រែកថាចោរៗនិងជិះម៉ូតូដេញតាមរហូតដល់ស្ពានអាកាស ស្ទឹងមានជ័យ ត្រូវជនសង្ស័យគេចបាត់។
នារីរងគ្រោះបានបន្តថា សម្ភារៈដែលបាត់បង់មាន ៖ ការបូបពណ៌ក្រហម មួយក្នុងការបូបមានទូរស័ព្ឌដៃទំនើប២គ្រឿង កាតធនាគារ២ អត្តសញ្ញាណប័ណ្ណមួយនិងលុយចំនួន២ម៉ឺនរៀលត្រូវបានជនសង្ស័យយកទៅបាត់ដោយសុវត្តិភាព។
ក្រោយពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹក បានត្រឹមតែមកនាំជនរងគ្រោះទៅអោយដាក់ពាក្យបណ្ដឹងតែប៉ុណ្ណោះ ៕