លោកជំទាវ លាង ធារ៉ា ចែកអំណោយដល់គ្រួសាររងគ្រោះ២០០គ្រួសារ ដោយប្រថុយជិះទូកទៅភូមិលិចទឹក
(ភ្នំពេញ )៖ ចាប់តាំងពីមានជំនន់ទឹកភ្លៀង ដែលបណ្តាលឲ្យប្រជាពលរដ្ឋរាប់ពាន់គ្រួសារ នៅខេត្តពោធិ៍សាត់ រងគ្រោះនោះ គេសង្កេតឃេីញថា លោកជំទាវ លាង ធារ៉ា និងស្វាមី ក៏បាននាំយកនូវអំណោយសរុបជាថវិកា ២ម៉ឺនដុល្លារ ទៅចែកជូនបងប្អូនប្រជាពលរដ្ឋ ដេីម្បីចូលរួមចំណែកជួយសម្រាលការលំបាក របស់បងប្អូនមួយរយៈ។
អ្វីដែលកាន់តែគួរឲ្យសរសេីរពីទឹកចិត្ត របស់លោកជំទាវ លាង ធារ៉ា អគ្គនាយិកា ក្រុមហ៊ុន Theara Leang Co., Ltd និងស្វាមី លោកឧកញ៉ា ឌី ជោត គឺទឹកចិត្តពុះពារជំនះឧបសគ្គ ធ្វេីយ៉ាងណានាំយកអំណោយ ចែកជូនប្រជាពលរដ្ឋផ្ទាល់។ ដោយកាលពីម្សិលមិញនេះ លោកជំទាវ និងស្វាមី បានជិះទូកឆ្ពោះទៅកាន់ភូមិលិចទឹក នៅភូមិផ្ទះគរ ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ដោយមានអ្នករួមដំណេីរ មាន លោកមេឃុំ អន្លង់វិល, លោកប្រធានភូមិផ្ទះគរ ,តំណាងប្រធានការិយាល័យអប់រំស្រុកកណ្ដៀង ,លោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សាផ្ទះគរ ដេីម្បីនាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់200គ្រួសារ។
សូមជម្រាបផងដែរថា ទឹកជំនន់ឆ្នាំនេះបានវាយលុក ខណ្ឌមួយចំនួន នៅរាជធានីភ្នំពេញ និង ខេត្តមួយចំនួន មានដូចជា ខេត្តពោធិ៍សាត់, បាត់ដំបង, បន្ទាយមានជ័យ, កំពង់ស្ពឺ និងបណ្តាលខេត្តមួយចំនួនទៀត កំពុងតែទទួលរងផលប៉ះពាល់ខ្លាំង ដោយសារតែជំនន់ទឹកភ្លៀង ដែលបង្កឲ្យបងប្អូនប្រជាពលរដ្ឋជួបប្រទះការលំបាក ផ្ទះសម្បែងលិចលង់ ហើយត្រូវអាជ្ញាធរជម្លៀសពួកគាត់ ទៅរកទីទួលមាន សុវត្ថិភាព។
បើតាម លោកជំទាវ លាង ធារ៉ា ដែលជាអគ្គនាយិកាក្រុមហ៊ុន Theara Leang Co., Ltd បានប្រាប់ឲ្យដឹងថា លោកជំទាវពិតជាខ្លោចចិត្តអាណិត បងប្អូនប្រជាពលរដ្ឋខ្មែរដែលជួបប្រទះគ្រោះទឹកជំនន់ខ្លាំងណាស់ ហើយអ្វីដែល លោកជំទាវអាចចូលរួម ចំណែកជួយពួកគាត់បាន ពេលនេះ គឺទឹកចិត្ត ហើយថវិកាដើម្បីទិញនូវសម្ភារៈគ្រឿងឧបភោគ-បរិភោគមួយចំនួន មានដូចជា៖ អង្ករ ១០គីឡូ,មីម៉ាម៉ា ១កេះ, ត្រីខ៥កំប៉ុង, សាប៊ូដុស១ដុំ, ប្រេងកូឡា១ខ្លងទៅចែកជូនបងប្អូនប្រជាពលរដ្ឋផ្ទាល់តែម្តង។
លោកជំទាវបានប្រាប់ឲ្យដឹងថា លោកជំទាវ និងស្វាមី រួមជាមួយមិត្តភក្តិមួយចំនួនទៀត បានចូលរួមជាថវិកាប្រមាណ 20,000$ សម្រាប់រួមចំណែកជួយដល់ប្រជាជនដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ ផងដែរ។ ជួយគ្នាពេលមានអាសន្ន ដើម្បីជាតិយើង អ្វីដែលលោកជំទាវអាចចូលរួម ចំណែកជួយសង្គមជួយប្រទេសជាតិបាន លោកជំទាវក៏តែងតែចូលរួមជាបន្តបន្ទាប់ ៕