Monday, November 25, 2024
Latest:
សន្តិសុខ​សង្គម

ល្បែងស៊ីសង Keno Online កំពុងប្រឈមហានិភ័យ !

ភ្នំពេញ៖ឆ្នោតឡូតូ នៃក្រុមហ៊ុន ស៊ីន នីវ អ៊ិនវេសមេន ឯ.ក ដែលមានម្ចាស់ឈ្មោះ Wang Peter ត្រូវបានមជ្ឈដ្ឋានជាច្រើនមើលឃើញថា កំពុងបំប្លែងជាល្បែងស៊ីសងយ៉ាងអនាធិបតេយ្យ និង បើកលេងជាសាធារណៈស្ទើរគ្រប់ទីកន្លែងទូទាំងប្រទេស តាមរយៈល្បែងអនឡាញមួយ ដែលមានឈ្មោះ ថា «Keno Online»។

ក្រោយមានប្រតិកម្មជាច្រើនពីប្រជាពលរដ្ឋនៃល្បែងស៊ីសង Keno Online នេះ កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាអោយមានការស៊ើបអង្កេតជាបន្ទាន់ ។

លោក​ឧត្ដមសេនីយ៍​ឯក​ សៀង​ សេន ​ប្រធាននាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម​ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអោយដឹងថា​ លោក​បានទទួល​បទបញ្ជា​ដ៏ម៉ឺងម៉ាត់​ពី​ លោក​នាយឧត្ដមសេនីយ៍​អគ្គស្នងការ​នគរបាលជាតិ​ រួចហើយ​ ដើម្បី​ដឹកនាំ​កម្លាំង​ស្រាវជ្រាវ​ករណី​ក្រុមហ៊ុន​ ស៊ីន នីវ​ ដែល​ប្រជាពលរដ្ឋ​រាយការណ៍ ​ថា ​បាននិងកំពុង​បើកល្បែងស៊ីសង​តាមអនឡាញ​ Keno Online ជ្រកក្រោម​ស្លាក​ ឆ្នោត​ឡូតូ​ ។

លោក​ឧត្ដមសេនីយ៍​ឯក​ សៀង​ សេន បន្តថា​ ក្នុងករណី​សមត្ថកិច្ច​​ស្រាវជ្រាវ​រក​ឃើញ​ការពិត​ដូចប្រជាពលរដ្ឋរាយការណ៍​ មែននោះ គឺ សមត្ថកិច្ច នឹងចាត់​ការតាមច្បាប់​តែម្ដង​ ។

មជ្ឈដ្ឋានជាច្រើន មើលឃើញថា ​ក្រុមហ៊ុន​ ស៊ីន​ នីវ​ ដែល​ទទួលបាន​អាជ្ញា​បណ្ណ​ពី​រាជរដ្ឋាភិបាល​ និង​ ក្រសួង​សេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​ អោយធ្វើ​អាជីវកម្ម​ឆ្នោត​ឡូតូ​ បាននិងកំពុងបំប្លែងឆ្នោតឡូតូ​ មួយនេះ ទៅ​ជា​ល្បែង​ស៊ីសង​តាមអនឡាញ​ ពង្វក់ប្រជាពលរដ្ឋ​ស្ទើរទូទាំង​ប្រទេស​ដោយគ្មាន​ខ្លាច​សមត្ថកិច្ច​អ្វី​ទាំងអស់​ ដោយ​ក្រុមហ៊ុន​ បានដាក់​តាំង​ទូរទស្សន៍​តាម​ហាងនានាជាសាធារណៈ យ៉ាងអនាធិបតេយ្យ ថែមទៀតផង​ ៕