អាសូរ ! ផ្ទះប្រជាពលរដ្ឋចំនួន៤ល្វែង ត្រូវអគ្គីភ័យឆាបឆេះសល់តែគ្រោងឆ្អឹង
ភ្នំពេញ ៖ អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន៤ល្វែង យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អេីល ដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍បាញ់ពន្លត់កាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី១០ ខែវិច្ឆិកាឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ៤៣០ កែងនិងផ្លូវ៤៩២ ខាងត្បូងរង្វង់មូលផ្សារដើមថ្កូវ ស្ថិតក្នុងភូមិ១ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេឃេីញមានផ្សែងខ្មួរខ្មាញ់និងអណ្តាតភ្លេីងឆាបឆេះយ៉ាងសន្ធោសន្ធៅទេីបបង្កការភ្ញាក់ផ្អេីលនិងបានរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងមកអន្តរាគមន៍បាញ់ពន្លត់តែអកុសលផ្ទះចំនួន៤ល្វែងត្រូវបានអគ្គីភ័យឆេះអស់ទាំងស្រុង ។
ប្រភពដដែលបន្តថាផ្ទះដែលអគ្គីភ័យឆាបឆេះខាងលេីមានចំនួន៤ល្វែងធ្វើអំពីឈើខាងលើ ថ្មក្រោម សង់ជាប់ៗគ្នា ដោយផ្ទះទី១និងទី២មានលក់បាយម្ហូបការហ្វេពេលព្រឹក និងផ្ទះទី៣មានលក់ចាបហួយ ផ្ទះទី៤លក់នំកង ត្រូវអគ្គភ័យឆាបឆេះសល់តែគ្រោងឆ្អឹង។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការណ៍បាញ់ពន្លត់អគ្គីភ័យខាងលើ កម្លាំងសមត្ថកិច្ច ជំនាញបានចេញ រថយន្តពន្លត់អគ្គីភ័យចំនួន២១គ្រឿងមកអន្តរាគមន៍ បាញ់ពន្លត់ដោយប្រេីប្រាស់អស់ចំនួន១៧គ្រឿង ទើបអគ្គិភ័យរលត់ទៅវិញ ។ ចំពោះផ្ទះចំនួន៤ល្វែងខាងលេីគឺរងការខូចខាតទាំងស្រុង។ តែទោះជាយ៉ាងណាក្នុងហេតុការណ៍ គ្រោះអគ្គីភ័យនេះមិនមានមនុស្សរងរបួសនោះទេ។
ជុំវិញករណីអគ្គីភ័យខាងលើសមត្ថកិច្ចជំនាញ បានសន្និដ្ឋាន ជំហ៊ានដំបូង ថាសង្ស័យបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី៕