Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

អាវុធហត្ថភ្នំពេញ បន្តបេសកកម្ម ចែកម៉ាស ជូនប្រជាពលរដ្ឋក្នុងរាជធានី ជាលើកទី២!

បន្ទាប់ពីចេញប្រតិបត្តិការចែកម៉ាសក្រណាត់ដែលជាអំណោយឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ជូនដល់ប្រជាពលរដ្ឋអស់រយៈពេលពេញមួយថ្ងៃតាំងពីព្រឹករហូតដល់យប់រួចមក ពេលត្រឡប់ចូលទីបញ្ជាការវិញ អាវុធហត្ថរាជធានីភ្នំពេញ ពុំបានសម្រាកភ្លាមទេ គឺបានបន្តរំលែកម៉ាសចូលថង់ទាំងយប់ ដើម្បីត្រៀមសម្រាប់បេសកកម្មថ្ងៃទី២។ ការរំលែកម៉ាស ចូលថង់ដាច់ដោយឡែកមួយៗទាំងនេះ គឺដើម្បីរក្សាគុណភាពម៉ាស ឲ្យមានអនាម័យ ដើម្បីចែកដល់ដៃប្រជាពលរដ្ឋ ធានាបាននូវសុវត្ថិភាពកាន់តែខ្ពស់។

លុះមកដល់ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ មុនចេញប្រតិបត្តិការចែកម៉ាស អាវុធហត្ថ រាជធានីភ្នំពេញ បានទទួលភារកិច្ច ទៅរៀបចំ លើកដាក់ និងដឹកជញ្ជូន ម៉ាសបន្ថែម ចេញពីឃ្លាំងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ទៅប្រគល់ជូនសាលារាជធានីភ្នំពេញ រួចទើបបន្តបេសកកម្ម ក្នុងការចុះទៅចែកម៉ាសក្រណាត់ជូនដល់ប្រជាពលរដ្ឋ ជាលើកទី២ តាមបណ្តាខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ដោយប្រើប្រាស់នូវ ម៉ូតូកង់បីចំនួន១២គ្រឿង។ គោលដៅដែលអាវុធហត្ថរាជធានីភ្នំពេញ ចែកម៉ាសជូន រួមមានដូចលើកទី១ដែរ គឺ៖ អ្នកធាក់ស៊ីក្លូ , ម៉ូតូឌុប, ម៉ូតូកង់បី , កម្មករសំណង់ , អ្នកបោសសម្អាតតាមផ្លូវ , អ្នកលក់ដូរតាមកញ្ច្រែង , ប្រជាពលរដ្ឋដែលអង្គុយរង់ចាំនៅបរិវេណមុខមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យផ្សេងៗ អ្នកហាត់ប្រាណតាមទីសាធារណៈ និងអ្នកបើកបរ ម៉ូតូ កង់ តាមដងផ្លូវ…។ល។

ក្នុងឱកាសចែកម៉ាសនោះផងដែរ អាវុធហត្ថរាជធានីភ្នំពេញ ក៏នៅតែឆ្លៀត ធ្វើការផ្សព្វផ្សាយ រំលឹកដល់សាធារណៈជន នូវខ្លឹមសារដែលអាវុធហត្ថរាជធានីភ្នំពេញ បានផ្តួចផ្តើមចងក្រងនិងសង្ខេបឡើង ស្ដីអំពីវិធីប្រើប្រាស់ម៉ាស និង សេចក្តីណែនាំរបស់ក្រសួងសុខាភិបាលស្តីពីវិធានការ បង្ការ និងទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ តាមរយៈ ឧគ្ឃោសនសព្ទ ដែលបំពាក់នៅលើម៉ូតូកង់បី ទាំង១២គ្រឿង ៕