រន្ធត់ណាស់!! ស្ត្រីពោះធំ៦ខែត្រូវរថយន្តកិនស្លាប់ទាំងម្ដាយនិងកូន ឯប្ដីរបួសស្រាល
ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូដឹកប្រពន្ធដែលមានផ្ទៃពោះ៦ខែមកពីខេត្តស្វាយរៀងត្រលប់មកភ្នំពេញដើម្បីចូលធ្វើការងារវិញ ខណៈកំពុងជិះម៉ូតូសុខៗស្រាប់តែមានរថយន្តហ៊ីយ៉ាន់ដាយមកបុកពីក្រោយទាំងកំរោលនិងកិនចំក្បាលប្រពន្ធធ្លាុយខួរស្លាប់ទាំងម្ដាយនិងកូននៅផ្ទៃ រីឯប្ដីរងរបួសស្រាល
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង០៦និង២០នាទីព្រលប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវវិមានឈ្នះ ឈ្នះ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
សពស្ត្រីរងគ្រោះមានឈ្មោះ ស្រីនី អាយុ២៥ឆ្នាំ មានផ្ទៃពោះ៦ខែ មុខរបកម្មការីរោងចក្រ មានស្រុកកំណើតនៅខេត្តស្វាយរៀង។
យោងតាមសម្ដីបុរសជាប្ដីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ2017 ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង1J-9865 ឌុបប្រពន្ធដែលមានផ្ទៃពោះទើបតែបាន៦ខែ មកពីខេត្តស្វាយរៀង គោលបំណងមកភ្នំពេញ ដោយមានផ្ទះជួលនៅម្ដុំព្រៃសរ បានធ្វើដំណើរតាមបណ្ដោយផ្លូវវិមានឈ្នះ ឈ្នះ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខព្រះស៊ីហនុ3A-7295ធ្វើដំណើរស្របគ្នាមកបុកពីក្រោយទាំងកំរោល ហើយកិនចំក្បាលប្រពន្ធបណ្ដាលឲ្យស្លាប់ទាំងម្ដាយនិងកូន ចំណែករូបគាត់ជាប្ដីរងរបួសស្រាល។
ក្រោយកេីតហេតុភ្លាមៗ រថយន្តបង្កមិនព្រមឈប់ទទួលខុសត្រូវនោះទេ ដោយព្យាយាមបើករត់ទាំងម៉ូតូជាប់នៅក្រោមរថយន្តអូសប្រមាណជិតមួយរយម៉ែត្រទេីបឈប់ទុករថយន្តចោលចុះរត់ចូលព្រៃបាត់។
បន្ទាប់មក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហេីយទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្វេីការវាស់វែងយករថយន្តបង្កនិងម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់ ។ ចំណែកសពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕