ឧកញ៉ា វ័យក្មេង ឡេង ណាវ៉ាត្រា ប្រកាស ភ្លាមៗ ថានិងបរិច្ចាគថវិកា ១លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ១៩..
ឧកញ៉ា វ័យក្មេង ខាងវិស័យអចលនទ្រព្យ និងជាម្ចាស់ ផលិតកម្ម កាឡាក់ស៊ីណាវ៉ាត្រា គឺលោក ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនឡេងណាវ៉ាត្រា ប្រកាសភ្លានៗ បរិច្ចាគ ថវិកា ១លាន ដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩។
ការប្រកាស របស់ឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើឡើងភ្លាមៗ បន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន បានប្រកាសលើបណ្តាញសង្គម ពីការត្រៀមថវិកា ទិញវ៉ាក់សាំង ប្រឆាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ចំនួន១លានដូស នាជំហានដំបូងនោះ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ បាន ប្រកាស ពីការត្រៀម បម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំង យកមកចាក់ជូន ប្រជាជន ដោយឥតគិតថ្លៃ ដែលក្នុងជំហានដំបូងនេះ ចំនួន ១លានដូស សំរាប់ចាក់ជូនពលរដ្ឋ៥០ម៉ឺននាក់។
កាយវិការ នៃការបរិច្ចាគ ថវិការបស់ឧកញ៉ា ឡេង ណាវ៉ាត្រា ភ្លាមៗបែបនេះ នាំឱ្យមានការ ស្ញប់ស្ញែង និងកោតសរសើរជាខ្លាំង ពីមហាជន ពិសេស អ្នកលេងក្នុងបណ្តាញសង្គម។
រំលឹកពីសារបាន ឧកញ៉ា ឡេង ណាវ៉ាត្រា ដែល មានអតីតភាព ជាពលករនៅប្រទេសកូរ៉េខាងត្បូង ហើយបានក្លាយ និងមានជាឧកញ៉ា មួយរូប ក្នុងសង្គមខ្មែរនេះ កន្លងមកលោកតែងតែចូលរួម ដោះស្រាយការលំបាក ជាមួយរាជរដ្ឋាភិបាល រាល់ពេល ដែលរាជរដ្ឋាភិបាល ជួបការលំបាក ដោយទឹកជំនន់ និងដោះស្រាយការលំបាក ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ជាដើម៕