ប៉ូលីសស័ក្តិ៤ម្នាក់នៅក្រសួងមហាផ្ទៃ បាញ់២គ្រាប់ ត្រូវជេីងបុរសម្នាក់រងរបួស រួចរត់គេចបាត់ បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចដង្កោ និងខណ្ឌមានជ័យ ចុះរុញដាក់គ្នា
ភ្នំពេញ៖ ជនដៃដល់ម្នាក់ជាមន្ត្រីប៉ូលីសស័ក្តិ៤នៅក្រសួងមហាផ្ទៃ បានដកកាំភ្លេីងបាញ់សម្ដៅទៅរកគូរសត្រូវចំនួន២គ្រាប់ បណ្ដាលឲ្យត្រូវចំជេីងមួយគ្រាប់រងរបួសហូរឈាមនិងចំទ្វាកញ្ចក់មួយគ្រាប់ទៀតបែកខ្ទេច បង្កការភ្ញាក់ផ្អេីលដល់អ្នកជិតខាង កាលពីវេលាម៉ោងប្រមាណ៩យប់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ៣៧១ ក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ជាប់ព្រុំប្រទល់និងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនដៃដល់មានឈ្មោះ កេត ផារ៉េន ភេទប្រុស អាយុ៣៩ឆ្នាំ មុនរបបជាមន្ត្រីប៉ូលីសស័ក្តិ៤នៅក្រសួងមហាផ្ទៃ ។ រីឯជនរងគ្រោះឈ្មោះ ប៊ុនសុិម ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបបនៅផ្ទះ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។
យោងតាមសម្ដីជនរងគ្រោះបានរៀបរាប់ប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា មុនពេលកេីតហេតុ រូបគាត់មានគ្នា៤នាក់ ជិះម៉ូតូចេញពីហូបចុកអីតិចតួចនៅម្ដុំបឹងត្របែក ហេីយជូនមិត្តភ័ក្តមកផ្ទះនៅកន្លែងកេីតហេតុ ខណៈមកដល់មុខផ្ទះមួយភ្លេត ស្រាប់តែលេចមុខជនដៃដល់ដែលធ្លាប់ស្គាល់គ្នាតែមិនជិតស្និត បានចុះពីលេីរថយន្តរបស់ខ្លួនមិនចាំម៉ាកហេីយដេីរឆ្លងផ្លូវមកសួរនាំមិត្តភ័ក្តគាត់មួយមាត់ពីរ រួចដេីរទៅជិះរថយន្តរបស់ខ្លួនវិញនៅលេីផ្លូវ៣៧១ ក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ក៏បេីកកញ្ចក់រថយន្តដកកាំភ្លេីងខ្លីបាញ់សម្ដៅមកជនរងគ្រោះដែលនៅផ្លូវម្ខាងទៀតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ចំនួន២គ្រាប់ ដោយមួយគ្រាប់ចំជេីងខាងស្ដាំ និងមួយគ្រាប់ទៀតចំទ្វាកញ្ចក់មួយផ្ទាំងបែកខ្ទេច រួចហេីយក៏បេីករថយន្តគេចខ្លួនបាត់ ។ ចំណែកឯជនរងគ្រោះក៏ប្រញាប់ទៅមន្ទីពេទ្យដេីម្បីពិនិត្យនិងលាងរបួសភ្លាមៗផងដែរ ។
មួយសន្ទុះក្រោយមក ជនរងគ្រោះបានមកកន្លែងកេីតហេតុវិញ ទេីបបង្កការភ្ញាក់ផ្អេីលដល់អ្នកសារព័ត៌មានជាច្រេីនចុះមកផ្ដឹតយករូបភាព និងឡាយសម្ភាសផ្ទាល់ទេីបដឹងលឺដល់សមត្ថកិច្ចប៉ុស្ដិ៍នគរបាលបឹងទំពុន២ និងសមត្ថកិច្ចប៉ុស្ដិ៍នគរបាល ដង្កោ ចុះមកដល់ហេីយរុញដាក់គ្នា ទេីបជនរងគ្រោះសម្រេចចិត្តទុកសម្បកផ្ទុះដែលរកឃេីញមួយគ្រាប់ រង់ចាំទៅដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដេីម្បីឲ្យជួយស្រាវជ្រាវចាប់ជនបង្កយកមកផ្ដន្ទាទោសតាមច្បាប់ ៕