ជនសង្ស័យ២នាក់លួចម៉ូតូពីស្រុកបាទីមកជាប់អន្ទាក់នៅខណ្ឌដង្កោ
ភ្នំពេញៈ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោសហការជាមួយកម្លាំងសមត្ថកិច្ចស្រុកបាទីបានឃាត់ខ្លួនសង្ស័យពីរនាក់ដែលធ្វើសកម្មភាពកាច់សោរកម៉ូតូរបស់ប្រពលរដ្ឋបានសម្រេច កាលពីវេលាម៉ោង ១១នឹង៣០នាទី ព្រឹកថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០១៨ នៅចំណុចភូមិសេរីសម្បត្តិ ឃុំពន់សរ ស្រុកបាទី ខេត្តតាកែវ ។
សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ធាង ឡោ ភេទស្រី អាយុ៥០ឆ្នាំ ចំណែកជនសង្ស័យទាំងពីរនាក់ទី១ ឈ្មោះ
ជួន វិច្ច័យ អាយុ ២៣ ឆ្នាំ ស្នាក់នៅតាខ្មៅ មានស្រុកកំណើតខេត្តកំពង់ចាម ទី២ឈ្មោះ វុធ រស្មី អាយុ១៨ឆ្នាំ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ ។ សមត្ថកិច្ចបន្តថាមុនពេលកើតហេតុជនសង្ស័យទាំងពីរនាក់បានជិះម៉ូតូមួយគ្រឿងឌុបគ្នាមកឈប់ធ្វើសកម្មភាពកាច់កម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ដែលម្ចាស់ចតទុកនៅមុខផ្ទះបានសម្រេចហើយព្យាយាមជិះគេចតាមបណ្តោយផ្លូវជាតិលេខ២ ឆ្ពោះឡើងមកភ្នំពេញ តែត្រូវបានកម្លាំងសមត្ថកិច្ចស្រុកបាទីសហការជាមួយសមត្ថកិច្ចខណ្ឌដង្កោ ធ្វើការដេញចាប់រហូតមកដល់ចំណុចភូមិព្រែកតាតាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ជនសង្ស័យបានផ្តួលម៉ូតូរួចរត់តាមវាលស្រែក៏កម្លាំងធ្វើឡោព័ទ្ធចាប់បានភ្លាមៗយកមកកាន់ទីស្នាក់ការប៉ុស្តិនគរបាលរដ្ឋបាលព្រែកកំពឹសដើម្បីធ្វើការសាកសួរ។
ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដង្កោធ្វើឯកសារប្រគល់អោយកម្លាំងនគរបាលស្រុកបាទីដើម្បីបន្តនីតិវិធី ៕