Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

លោកឌី រ័ត្នខេមរុណ ៖​ នគរបាល ជា​កម្លាំងស្នូលដ៏សំខាន់​ដើម្បី​ថែរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ

ភ្នំពេញ​៖លោក​ឌី​ រ័ត្ន​ខេម​រុណ​ អភិបាលរងខណ្ឌមានជ័យ ថ្លែង​ថា​ មន្ត្រីនគរបាលគឺជាកម្លាំងស្នូលដ៏រឹងមាំ ដែលមានកាតព្វកិច្ចដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុងការថែរក្សាការពារ សន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុង​មូលដ្ឋាន​ ឱ្យ​រស់នៅប្រកបដោយភាពសុខុដុមរមនា ។

លោក​ឌី​ រ័ត្ន​ខេម​រុណ​ ថ្លែង​បែប​នេះ​ នៅ​ព្រឹក​ថ្ងៃទី៦ ខែកញ្ញា ក្នុងពិធី​ចែក​អំណោយជាមួកសុវត្ថិភាពរបស់កងកម្លាំង ក៏ដូចជាថវិការមួយចំនួនចែកជូនដល់ដល់មន្ត្រីនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ ចំណុះអធិការដ្ឋាន​នគរបាលខណ្ឌមានជ័យ ដើម្បីយកទៅប្រើប្រាស់ នៅថ្ងៃមុខបន្ត ក្នុងទិសដៅសំដៅបម្រើប្រជាជននៅក្នុងមូលដ្ឋានរបស់ខ្លួន ។

លោកអភិបាលរង​ ឌី​ រ័ត្ន​ខេម​រុណ​ លើកឡើងថា មន្ត្រីនគរបាល គឺជាកម្លាំងស្នូលដ៏រឹងមាំ ដែលកន្លងមកពួកគេបានលះបង់ទាំងកម្លាំងកាយនិងកម្លាំង​ចិត្ត ក៏ជាពេលវេលាជាច្រើន ក្នុងការខិតខំប្រឹងប្រែងខ្នះខ្នែងរក្សានូវសុខសន្តិភាពជូនបងប្អូនពលរដ្ឋ ។

លើសពីនេះ នគរបាលក៏បានដើរតួយ៉ាងសំខាន់ ក្នុងការ​បង្ការបង្ក្រាបបទល្មើសផ្សេងៗ ដូចជាអំពើលួច ឆក់ ប្លន់ និងសកម្មភាពអសន្តិសុខមួយចំនួនទៀតជាដើម ។

លោកអភិបាលរង បញ្ជាក់ថា ការនាំយក​សម្ភារៈ​ជាមួក ចែកជូនបងប្អូនមន្ត្រីនគរបាលនៅពេលនេះ គឺជាការ​មើលឃើញនូវការខ្វះខាតជាក់ស្តែងរបស់កម្លាំងនគរបាល ដែលពួកគេជាសេនាធិការដ៏សំខាន់​ របស់អាជ្ញាធរខណ្ឌ​ទាំងមូល ក្នុងសកម្មភាពបម្រើប្រជាជន ហើយការចែកជូននៅពេលនេះ គឺជាសកម្មភាព សបញ្ជាក់ពីការគិតគូរ និង​យកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកអភិបាលរងខណ្ឌ មកលើមន្ត្រីនគរបាល ដើម្បី​ឱ្យ​ពួកគាត់យកវាទៅប្រើប្រាស់ក្នុងទិសដៅបម្រើប្រជារាស្ត្រនៅក្នុងមូលដ្ឋានទៅថ្ងៃខាងមុខ បន្តទៀត ។

សូមបញ្ជាក់ថា មន្ត្រីនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ២ មានកម្លាំងសរុប២០នាក់ ក្នុងនោះស្រី៣នាក់ ដោយលោកអភិបាលរង បានឧបត្ថម្ភមួកសុវត្ថិភាពប៉ូលិសចំនួន២០មួក ពោលគឺក្នុងម្នាក់ទទួលបានមួយមួក , អង្គរជារួម៥ប៉ាវ ទឹកសុទ្ធជារួម១០កេស និងថវិការក្នុងម្នាក់២ម៉ឺនរៀលផងដែរ ។

ឈ្លៀតក្នុងឱកាសដដែលខាងលើនោះ​ លោកឌី រ័ត្នខេម​រុណ​ បានស្នើដល់លោកនាយប៉ុស្តិ៍នគរបាល និងមន្ត្រីនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ទាំងអស់ ត្រូវខិតខំបន្តសកម្មភាពរបស់ខ្លួនបន្ថែមទៀត ក្នុងការបម្រើប្រជាពលរដ្ឋ ដូចជាការធ្វើលិខិតស្នាមឯកសារផ្សេងៗជូនពលរដ្ឋមិនតម្រូវ​ឱ្យ​យកថវិកា។ ប៉ុន្តែក្នុងនោះចំពោះឯកសារ ដែលច្បាប់តម្រូវ​ឱ្យ​យក គឺពុំ​ត្រូវ​យកលើសចំនួនដែលបានកំណត់នោះឡើយ ។

បន្ថែមពីនោះ​ លោកអភិបាលរងក៏បានស្នើដល់កម្លាំងនគរបាល ត្រូវពង្រាយកម្លាំងរបស់ខ្លួន ចេញល្បាត​ពួនស្ទាក់​ឱ្យ​បានគ្រប់ច្រកល្ហកទាំងយប់ទាំងថ្ងៃ ដើម្បីជាសកម្មភាពពញ្ញាក់អារម្មណ៍ដល់ក្រុមជនសង្ស័យផ្សេងៗ ដែលប៉ង​ប្រព៧សកម្មភាពបទល្មើសបង្កភាពភ័យខ្លាចដល់ពលរដ្ឋ ដូចជាអំពើចោរកម្ម លួច ឆក់ ប្លន់ ការចរាចរជួញដូរគ្រឿងញៀន ឬ​ ក្រុមបងតូចបងធំជាដើម ។

លើសពីនេះ​ លោកបន្តថា មន្ត្រីនគរបាល ដែលទទួលវេន​ប្រចាំការនៅស្នាក់ការប៉ុស្តិ៍ គឺត្រូវនៅរងចាំទទួលនូវរាល់ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ដើម្បីយកទៅដោះស្រាយជូនពួកគាត់ ឬ​ ត្រូវមានវិធានការបន្ត ជៀសវៀងការមិនយកចិត្តទុកដាក់ជាមួយទុក្ខកង្វល់របស់ពលរដ្ឋ នាំ​ឱ្យ​ប្រជាពលរដ្ឋកើតចិត្តខឹងស្អប់ និងរើសអើងទៅលើក្រុមមន្ត្រីនគរបាលថាមិនបានបម្រើពួកគាត់ អោយសមស្របនឹងពាក្យថា មន្ត្រីមានកាតព្វកិច្ចបម្រើ និងដោះស្រាយបញ្ហា និងទុក្ខកង្វល់របស់ពលរដ្ឋ ៕