Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ ចុះបង្ក្រាបទីតាំងបើកលេងល្បែងហ្គ្រេមបាញ់ត្រីមួយកន្លែងនៅសង្កាត់ច្រាំងចំរេះទី១ ដោយបានដកហូតទូរហ្គ្រេម បាញ់ត្រី ចំនួន ០២ គ្រឿង និងឃាត់ខ្លួនជនសេពគ្រឿងញៀនម្នាក់ ព្រមជាមួយវត្ថុតាងនៃបទល្មើសមួយចំនួនទៀត

ភ្នំពេញ៖ ក្រោមការដឹកនាំបញ្ជាពី ឯកឧត្តម ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងជាអភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ នៅព្រឹកថ្ងៃចន្ទ ១៥ រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១១ និង៣០នាទី គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ ដឹកនាំដោយ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌប្ញស្សីកែវ តំណាង ឯកឧត្តម អភិបាលខណ្ឌប្ញស្សីកែវ បានដឹកនាំ មន្ត្រីនៃរដ្ឋបាលខណ្ឌប្ញស្សីកែវ កម្លាំងសណ្ដាប់ធ្នាប់សាលាខណ្ឌ រួមទាំង គណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ ចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ប្រភេទហ្គ្រេមបាញ់ត្រីមួយកន្លែង ដែលស្ថិតនៅក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

ប្រតិបត្តិការដ៏ក្ដៅគគុកនេះ កម្លាំងនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានឃាត់ខ្លួនជនសង្ស័យជាអ្នកសេពគ្រឿងញៀន ចំនួន ០១ នាក់ (ស្រី ០០ នាក់) ហើយ បានដកហូត ទូរហ្គ្រេមបាញ់ត្រី ចំនួន ០២ គ្រឿង ឧបករណ៍សេពគ្រឿងញៀន រួមទាំង សម្ភារៈដើម្បីបំរើដល់បទល្មើសមួយចំនួនទៀត។ បច្ចុប្បន្ននេះ កម្លាំងនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានបញ្ជូនជនសង្ស័យខាងលើមកកាន់ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ច្រាំងចំរេះទី១ ដោយឡែក វត្ថុតាង ត្រូវបានយកមករក្សាទុកនៅសាលាខណ្ឌ ជាបណ្ដោះអាសន្ន ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ជាបន្ត៕