Monday, November 25, 2024
Latest:
ព័ត៌មាន​ជាតិ

ប្រជាពលរដ្ឋស្នើឲ្យតុលាការខេត្តកំពង់ស្ពឺដោះលែងលោក ហុង លឹមហ៊ី ខណៈដែលចៅក្រមចេញដីការដោះលែងតែព្រះអាជ្ញាមិនព្រម

កំពង់ស្ពឺ ៖ នៅមុខសាលាដំបូងខេត្តកំពង់ស្ពឺនារសៀលថ្ងៃទី១៧ខែធ្នូឆ្នាំ២០២០គេឃើញមានប្រជាពរលរដ្ឋជាច្រើនបាននាំគ្នាឈរកាន់បដារព្រោងព្រាត ដោយសរសេរថា សុំដោះលែងប៉ាខ្ញុំ , សូមព្រះរាជអាជ្ញា ចាប សូរស្មី ដោះលែងលោក ហុង លឹមហ៊ី ហើយមានកាន់រូបថតសម្ដេចតេជោហ៊ុនសែន រូបថតសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន មានអ្នកខ្លះទ្រហោយំ និង អ្នកខ្លះស្រែកថា អយុត្តិធ៌ណាស់ សុំដោះលែងលោក ហុង លឹមហ៊ី ទៅគាត់គ្មានទោសទេ ។

ពេលអ្នកសារព័ត៌មានទៅសាកសួរ លោកស្រី មឿន សុផារី ភរិយាលោក ហុង លឹមហ៊ី បានថ្លែងថា ប្ដីរបស់គាត់ត្រូវបានគេចាប់ខ្លួនតាំងនៅដើមខែធ្នូឆ្នាំ២០២០នេះ ពីបទប្រើហឹង្សាដោយចេតនា ។ អ្នកស្រីបញ្ចាក់ថា កាលពីថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២០ប្ដីរបស់គាត់បានទៅស៊ីឈ្នួលធ្វើរបងដីឲ្យគេនៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ពេលនោះ ស្ត្រីឈ្មោះ អ៊ុយ រុំ អាយុ៥៨ឆ្នាំ អ្នកចាំដីឲ្យគេដែលមានព្រំជាប់គ្នានោះបានមកហាមឃាត់មិនឲ្យធ្វើ ហើយអុកឡុកប្រទាញប្រទង់គ្នា រួចធ្វើពុតជាដួល ហើយបានស្រែកថាគាត់រងរបួសដោយសារគេវ៉ៃ និងបានទៅប្ដឹងឲ្យគេចាប់ប្ដីគាត់ដាក់គុកតែម្ដង ។

លោក ហុង លឹមហ៊ី ត្រូវបានគេចាប់ខ្លួននៅថ្ងៃទី២ខែធ្នូឆ្នាំ២០២០ តែពេលនេះ ត្រូវបានចៅក្រម២រូបសម្រេចចេញដីការដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្នហើយ ប៉ុន្តែលោកស្រី ចាប សូរស្មី ព្រះរាជអាជ្ញាមិនព្រម ដែលធ្វើឲ្យបុរសរូបនោះនៅតែជាប់ឃុំដដែល ។ ដូច្នេះការតវ៉ារបស់ពួកគាត់នៅពេលនេះគឺជាការទាមទារឲ្យលោកស្រី ចាប សូរស្មី ពិចារណាឡើងវិញដើម្បីដោះលែងលោក ហុង លឹមហ៊ី តាមដីការបស់ចៅក្រមទាំង២រូបផងចុះ ព្រោះបើពិនិត្យលើរូបវីដេអូនៃការធ្វើរបងពេលនោះគឺលោក ហុង លឹមហ៊ី មិនបានប្រើហឹង្សាអ្វីទាំងអស់ ផ្ទុយទៅវិញ ស្រ្តីឈ្មោះ អ៊ុយ រុំ ឯណោះទេដែលចូលទៅអុកឡុករំខានការងាររបស់គេ ហើយពុតធ្វើដួលរួចចោទប្រកាន់គេដោយគ្មានហេតុផល ។

លោកស្រី មឿន សុផារី បានបន្ថែមថា លោកស្រីមិនសុខចិត្តចំពោះការបន្តឃុំខ្លួនប្តីរបស់គាត់នោះទេ ប្រសិនបើតុលាការខេត្តមិនអាចដោះលែងគឺគាត់នៅតែតវ៉ាមិនឈប់ឡើយ ហើយក៏បានសំណូមពរយ៉ាងទទូចសុំឲ្យសម្ដេចតេជោហ៊ុនសែន និង សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនជួយ អន្តរាគមចំពោះរឿងនេះផងដែរ ។ លោកស្រីបានដាក់សំណួរថា តើស្ថាប័នតែមួយ សំនណុំរឿងតែមួយ ហេតុអី មានការសម្រេចផ្សេងគ្នាបែបនេះ ? សូមបញ្ជាក់ថា លោក ហុង លឹមហ៊ី មានអាយុ៣៥ឆ្នាំ ជាមន្ត្រីយោធានៃអង្គភាពកងរថក្រោះ ( A C O ) សព្វថ្ងៃមានប្រពន្ធមានកូន៣នាក់ និងមានឪពុកម្ដាយចាស់ជរាក្នុងបន្ទុកថែមទៀតផង ដូច្នេះប្រសិនបើបុរសរូបនេះនៅតែជាប់ឃុំនោះ គឺក្រុមគ្រួសារនឹងត្រូវជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរជាក់ជាមិនខាន ៕