ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងបណ្ដាលឲ្យដួលត្រូវរថយន្តធំបើកមកពីក្រោយកិនស្លាប់ម្នាក់និងរងរបួសធ្ងន់ស្រាល៣នាក់
ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់យ៉ាង អណោចអធម៌ បន្ទាប់ពីជិះម៉ូតូវ៉ាជែងរថយន្តមួយគ្រឿង មិនប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតចំពីមុខ ពេញទំហឹងបណ្ដាលឲ្យដួលហើយក៏ មានរថយន្តធន់ធំមកកិនចំក្បាលបែក ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង ៥០នាទីយប់ថ្ងៃច័ន្ទ ទី២៨ ខែធ្នូ ឆ្នាំ ២០២០ត្រង់ចំណុចខាងកើតបុរី សន្តិភាព២ ប្រមាណជាង១០០ម៉ែត្រស្ថិតនៅ តាមបណ្ដោយផ្លូវ៣០ម៉ែត្រក្នុងភូមិដំណាក់ត្រយឹង សង្កាត់ ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ហ៊ុយ សុភារិទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការរោងចក្រ រស់នៅក្នុងភូមិចំរេះ ឃុំស្វាយធំ ស្រុកស្វាយជ្រំខេត្តស្វាយរៀង ដោយជិះម៉ូតូម៉ាកFZ-Z ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CW.5509ជិះតែម្នាក់ឯង។
ចំណែកខាងម៉ូតូឌ្រីមសង់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខកំពង់ចាម1N.3144ជិះឌុបគ្នាដោយបុរស៣នាក់រងរបួសធ្ងន់២នាក់និងស្រាលម្នាក់។
តាមសម្ដីរៀបរាប់របស់បុរសម្នាក់ជាជនរងគ្រោះដែលរងរបួសស្រាលបានប្រាប់ឲ្យដឹងថាដំបូងឡើយពួកគាត់មានគ្នា៣នាក់ជិះម៉ូតូម៉ាកឌ្រីមសង់តាមបណ្ដោយផ្លូវ៣០ម៉ែត្រទិសដៅពីកើតមក លិចក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកអេសហ្សែត (FZ-Z)មួយគ្រឿងបើកតាមបណ្តោយផ្លូវ៣០ម៉ែត្រទិសដៅពីលិចមកកើត បញ្ច្រាស់ទិសគ្នាបានវ៉ាជែងរថយន្តធុនធំមួយគ្រឿងមិនចាំម៉ាក ក៏ជ្រុលចង្កូតមកបុកពួកគាត់ ពេញទំហឹងបណ្ដាលឲ្យដួលទាំងសង្ខាង ខណ:នោះស្រាប់តែរថយន្តដែលគាត់វ៉ាជែងហ្នឹងបានកិនចំក្បាលជនរងគ្រោះស្លាប់ មួយរំពេចនៅនឹងកន្លែងកើតហេតុ ភ្លាមៗរថយន្តដែលកិនបានបន្ថែមល្បឿនរត់បាត់ ស្រមោល។ ចំណែក ភាគីខាងម៉ូតូឌ្រីមសង់បាន រងរបួសធ្ងន់២នាក់និងស្រាលម្នាក់ក៏មានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះជីវិតនៅគ្លីនិកឯកជនផងដែរ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះមកវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការ នគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឱ្យក្រុមគ្រួសារដឹកយក ទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕