បុរសម្នាក់ដេកស្លាប់នៅលើស៊ីក្លូ សង្ស័យថា ប្រហែលជាខ្យល់គរ
ភ្នំពេញ៖ មានបុរសម្នាក់ដេកស្លាប់នៅលើស៊ីក្លូ សង្ស័យថា ប្រហែលជាខ្យល់គរ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុង សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បុរសវ័យចំណាស់ម្នាក់ដែលប្រកបរបរធាក់ស៊ីក្លូ បានដេកស្លាប់នៅលើស៊ីក្លូដែលគេសង្ស័យថាប្រហែលជាត្រូវខ្យល់គរ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ រួមទាំងកម្លាំងសមត្ថកិច្ច។ រាល់ថ្ងៃគាត់តែងតែឃើញ លោកអ៊ុំចំណាស់ដែលជាជនរងគ្រោះនេះ ពិសាស្រាមិនហូបបាយជារៀងរាល់ថ្ងៃធ្វើឱ្យសុខភាពគាត់ចុះខ្សោយជាលំដាប់រហូតដល់គាត់ស្លាប់ដោយសារខ្យល់គរ ។
ប្រភពបានបន្ដទៀតថា បុរសចំណាស់ដែលស្លាប់លើស៊ីក្លូនេះមិនមានអ្នកណាស្គាល់អត្ដសញ្ញាណគាត់នៅឡើយទេ តែស៊ីក្លូរបស់ជនរងគ្រោះដែលស្លាប់នោះមានលេខសម្គាល់ ៤១ និងសរសេរពាក្យថា ( សមាគមស៊ីក្លូកម្ពុជា ) ដែលមានលេខទូរស័ព្ទ ០១២ ៤៦៦ ១៤៥ ។
កម្លាំងសមត្ថកិច្ច មូលដ្ឋាន រួមជាមួយកម្លាំងសមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុហើយធ្វើកោសល្យវិច័យត្រួតពិនត្យ និងទាក់ទងទៅសមាគមស៊ីក្លូកម្ពុជា ដើម្បីស្វែងរកសាច់ញាតិមកទទួលយកសព ទៅធ្វើបុណ្យតាមប្រពៃណី៕