Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

អ្នកបើករថយន្តដឹកខ្មាន់កាំភ្លើង បាញ់សម្លាប់ នាយរងការិយាល័យ នគរបាល ព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ដើម្បីគេចខ្លួន ពីការតាមចាប់ របស់សមត្ថកិច្ច ត្រូវបានតុលាការ ចោទប្រកាន់ ពីបទផ្សំគំនិត ក្នុងអំពើឃាតកម្ម និងជួញដូរគ្រឿងញៀន

ភ្នំពេញ៖ លោក គុជ គឹមឡុង អ្នកនាំពាក្យ សាលាដំបូង រាជធានីភ្នំពេញ បានឲ្យដឹង នៅថ្ងៃទី៨ ខែមករា ឆ្នំា២០២១នេះថា សំណុំរឿងឃាតកម្ម បាញ់សម្លាប់ នាយរងការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ បន្ទាប់ពីលោក ព្រះរាជអាជ្ញារង ឆាយ ហុង បានសាកសួររួចរាល់ តាមនីតិវិធី ដោយបានសម្រេចចោទប្រកាន់ ពីបទផ្សំគំនិត ក្នុងអំពើឃាតកម្ម និងជួញដូរគ្រឿងញៀន ហើយបានបញ្ជូនទៅ ចៅក្រមស៊ើបសួរ ដើម្បីបន្តតាមនីតិវិធី។

បញ្ជូនខ្លួន អ្នកបើករថយន្តដឹកខ្មាន់កាំភ្លើង បាញ់សម្លាប់ នាយរងការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ទៅកាន់តុលាការ កាលពីព្រឹកថ្ងៃទី៧ ខែមករា ខណៈកម្លាំងនគរបាល រាជធានីភ្នំពេញ បន្តសហការជាមួយ កម្លាំងសមត្ថកិច្ចពាក់ព័ន្ ធគ្រប់ប្រភេទ កំពុងតាមស្វែងរកចាប់ខ្លួន ឃាតក នៅក្នុងព្រៃ ខេត្តភាគឦសាន នៃប្រទេសកម្ពុជា។

ជនសង្ស័យ ជាអ្នកបើករថយន្ត ឈ្មោះ កែ ចាន់មាន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ រត់គេចខ្លួន ទៅដល់ខេត្តបាត់ដំបង ត្រូវបានកម្លាំងនគរបាល ស្រាវជ្រាវចាប់ខ្លួន បាន កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ ស្ថិតនៅផ្ទះជួល មួយកន្លែង ជិតបច្ឆាវត្តទួលតាឯក ក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

អ្នកនាំពាក្យ អគ្គស្នងការដ្ឋាន នគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានឲ្យដឹងថាៈ ជនសង្ស័យ ដែលបាញ់សម្លាប់ នាយរងការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ គឺឈ្មោះ អ៊ា ណារ៉េន អាយុ ៣៨ឆ្នាំ មានលំនៅ ផ្ទះលេខ B9 ផ្លូវបេតុង បុរីទឹម សាខន ស្ថិតនៅក្នុងភូមិតាកេរ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ហើយនៅពេលនេះ កំពុងតែសម្ងំ លាក់ខ្លួន នៅក្នុងព្រៃខេត្តភាគឦសាន នៃប្រទេសកម្ពុជា។ ចំណែកសមត្ថកិច្ច នៅតែបន្តឡោមព័ន្ធ និងរុករកជនសង្ស័យ នៅក្នុងព្រៃ ដើម្បីយកមកផ្តន្ទាទោស តាមច្បាប់។

ជនសង្ស័យ ជាឃាតក ឈ្មោះ អ៊ាណារ៉េន គឺជាយោធា ដែលមានអាវុធជាប់ខ្លួន និងជាមនុស្ស ធ្លាប់ធ្វើសកម្មភាព អំពើប្លន់បាញ់សម្លាប់ ជនរងគ្រោះម្នាក់ នៅក្នុងរាជធានីភ្នំពេញ និងទើបចេញពីពន្ធនាគារ បាន ២ ឆ្នាំ ដោយបានគេចខ្លួន ចួលទៅក្នុងព្រៃ ក្រោយការទុកចោលភរិយា, កូន និងប្អូនថ្លៃចោល ដើម្បីការគេចខ្លួន ចេញពីការស្ទាក់ ចាប់របស់កម្លាំង សមត្ថកិច្ច ដែលកំពុងពង្រាយកម្លាំង តាមស្ទាក់ចាប់ គ្រប់ច្រកល្ហក ក្នុងការនាំខ្លួន មកផ្តន្ទាទោស តាមច្បាប់។

សូមរំលឹកថា កាលពីវេលារំលងអធ្រាត្រ ឈានចូល ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ មានករណីឃាតកម្ម បាញ់សម្លាប់មន្ត្រីនគរបាល ក្នុងរឿងទំនាស់ គ្រោះថ្នាក់ចរាចរណ៍ នៅចំណុចមុខផ្ទះសំណាក់ សំាងហ័រទៀន លើផ្លូវសហព័ន្ធរុស្សី ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បង្កឡើង ដោយជនសង្ស័យចំនួន ២ នាក់ ស្លៀកពាក់ស៊ីវិល ប្រដាប់ដោយអាវុធខ្លី ១ ដើម មិនស្គាល់ម៉ាក បន្សល់ទុកសំបកគ្រាប់ នៅកន្លែងកើតហេតុ ចំនួន ៩ គ្រាប់ ក្បាលគ្រាប់ចំនួន ១ គ្រាប់ មធ្យោបាយធ្វើសកម្មភាព រថយន្តម៉ាក Lexus RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 2A 4546 មានស្នាមកំពិតដំបូល ផ្នែកខាងមុខខាងស្តាំ និងរថយន្តជនរងគ្រោះ ម៉ាក FORD RAPTOR F150 ផលិតឆ្នាំ២០២០ ពណ៌ស ១គ្រឿងនៅកន្លែងកើតហេតុ។

សពជនរងគ្រោះ ឈ្មោះ រ៉េត ស៊ីណែត ភេទប្រុស អាយុ ៤១ ឆ្នាំ ស្នាក់នៅផ្ទះលេខ ១៦៩ ផ្លូ១៦៩ភូមិ៤ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ មានទួនាទី ជានាយរង ការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ស្លាកស្នាមបាញ់ ពីក្រោយខ្នង ចំនួន ៣ គ្រាប់ ធ្លាយមកមុខ និងថ្ងាស ១ គ្រាប់ធ្លាយ មកក្រោយ៕