Friday, November 22, 2024
Latest:
គ្រោះថ្នាក់ចរាចរណ៍

បើករថយន្តលឿនមិនប្រយត្ន័ជ្រុលទៅបុក​បង្កាន់ដៃស្ពានអាកាស៧មករានិងបង្គោលភ្លើងបំភ្លឺផ្លូវរងរបួសធ្ងន់​ ស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ

ភ្នំពេញ​ ៖​ បុរសម្នាក់បានស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ បន្ទាប់ពីបើក​រថយន្តស៊េរីទំនើបម៉ាកហ្វតរ៉េនជឺ មួយគ្រឿងទៅបុកបង្កាន់ដៃស្ពានអាកាស៧ មករារួមទាំងបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបាក់រាបដល់ដី ហេតុការណ៍នេះកើតឡើងកាលពី​វេលាម៉ោង១និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃចន្ទទី១៨ខែមករាឆ្នាំ២០២១នៅចំណុច​គល់ស្ពានអាកាស៧ មករា ខាងកើត តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ភូមិ១៦ សង្កាត់​ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ លីម ឡាយអ៊ូ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ អាសយដ្ឋាន ផ្ទះលេខ៨៣​សេអឺ០ ផ្លូវលេខ១៦១ ភូមិ៩ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។​ ដោយបើករថយន្តម៉ាក ហ្វតរ៉េនជឺ ពណ៌ខ្មៅ ពាក់​ស្លាកលេខភ្នំពេញ2BA.1827រងការខូច​ខាតរថយន្តស្ទើរតែទាំងស្រុង។

តាមសម្តីសន្តិសុខម្នាក់ដែលយាមជិតកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុរូបគាត់ឃើញជនរងគ្រោះបើករថយន្តមួយគ្រឿងម៉ាកហ្វតរ៉េនជឺ ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សុីទិសដៅពីកើតទៅលិចក្នុង​ល្បឿនលឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុក​បង្កាន់ដៃស្ពានអាកាស ៧មករា រលើងរបាំងថ្មមួយផ្ទាំង និងជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ​មួយដើមបាក់រាបដល់ដី ។ចំណែកម្ចាស់រថយន្តរងរបួសធ្ងន់ធ្ងរត្រូវបាន បងប្អូនប្រជាពលរដ្ឋនាំគ្នាជួយលើកដាក់រថយន្តសង្គ្រោះបន្ទាន់រួចបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរភ្លាមៗ តែអកុសលដោយជនរងគ្រោះរងរបួសធ្ងន់ធ្ងរពេកបានស្លាប់បាត់បង់ជីវិត​នៅឯមន្ទីពេទ្យ ត្រូវរថយន្តសង្គ្រោះបន្ទាន់ដឹកយកមកកន្លែងកើតហេតុវិញ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ក៏ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានី​ភ្នំពេញរងចាំធ្វើការដោះស្រាយនៅពេលក្រោយដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕