Friday, November 22, 2024
Latest:
គ្រោះថ្នាក់ចរាចរណ៍

បុរសម្នាក់បើករថយន្តមិនប្រយ័ត្នបណ្ដាលឱ្យក្រឡាប់ត្រូវបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ…

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីបណ្តាលឲ្យបុរសម្នាក់បានស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យឯកជន ខណៈដែលជនរងគ្រោះបើករថយន្តយ៉ាងលឿនជ្រុលចង្កូតទៅបុកនឹងរបាំងក្បាលពុះចែកទ្រូងផ្លូវកាលពីវេលាម៉ោង ១យប់រំលងអាធ្រាតឈានចូលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ដែលស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្ត Ford Ranger ពណ៍ខ្មៅមួយគ្រឿងដែលមានផ្លាកលេខ 2BA-1827 បើកបរដោយបុរសម្នាក់ ដែលកាន់អត្តសញ្ញាណប័ណ្ណឈ្មោះ លីម ឡាយអ៊ូ ភេទប្រុស អាយុ៣០ឆ្នាំ ដែលមានទីកន្លែងកំណើតនៅសង្កាត់អូស្សី២ ខណ្ឌ៧មករា បើកបរក្នុងទិសដៅពីកើតទៅលិច យ៉ាងលឿនដូចហោះ ពេលដែលមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តរេចង្កូតបុករបាំងពុះចែកទ្រូងផ្លូវបណ្តាលឲ្យរថយន្តគៀបជាប់តៃកុងក្នុងរថយន្តតែម្តង។ ប្រភពដដែលបានបន្តទៀតថា ភ្លាមៗនោះមានរថយន្តមន្ទីរពេទ្យឯកជនបានដឹកជនរងគ្រោះទៅមន្ទីរពេទ្យភ្លាមៗ​តែជាអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់មុនពេលដល់មន្ទីរពេទ្យ ទើបរថយន្តមន្ទីរពេទ្យនោះដឹកជនរងគ្រោះមកទីតាំងកើតហេតុវិញ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះវាស់វែង យករថយន្តទៅរក្សាទុកនៅស្នងការនគរបាលចរាចរណ៍រាជធានីភ្នំពេញបណ្តោះអសន្ន ចំណែកសពជនរងគ្រោះសមត្ថកិច្ចស្រាវជ្រាវរកសាច់ញាតិដើម្បីប្រគល់ឲ្យធ្វើបុណ្យេតាមប្រពៃណី៕