Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចចុះបង្ក្រាបទីតាំងស្តុកឈើមួយកន្លែង រឹបអូសគោយន្ត៥គ្រឿង ឈើ១០ម៉ែត្រគូប នៅស្រុកជ័យសែន ខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ ដោយមានការសម្របសម្រួល និងណែនាំពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តព្រះវិហារ លោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តព្រះវិហារ បានដឹកនាំកម្លាំងអាវុធហត្ថខេត្ត និងជំនាញរដ្ឋបាលព្រៃឈើ ស្រុកជ័យសែន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ចុះបង្ក្រាបទីតាំងស្តុកឈើខុសច្បាប់មួយកន្លែង រឹបអូសគោយន្ត៥គ្រឿង ឈើ១០ម៉ែត្រគូប នៅភូមិអូរស្នៀត ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ។

ថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មាន នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ លោក វុធ សាវី បានឱ្យដឹងថា ជាលទ្ធផលនៃការបង្ក្រាបនេះ បានធ្វើការរឹបអូស វត្ថុតាងគោយន្តចំនួន៥គ្រឿង និងឈើប្រភេទគ្រឿងផ្ទះចំនួន១៣៤កន្ទុយ ស្មើនឹង១០ម៉ែត្រគូបផងដែរ។ បច្ចុប្បន្នគោយន្តកន្ត្រៃ និងឈើខុសច្បាប់ទាំងនោះ ត្រូវបានយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើជ័យសែន ដើម្បីចាត់ការទៅតាមច្បាប់។

លោក វុធ សាវី បានថ្លែងបញ្ជាក់ឱ្យដឹងទៀតថា ទីតាំងស្តុកឈើខុសច្បាប់ ដែលលោកដឹកនាំកម្លាំងចម្រុះទៅបង្រ្កាបនោះ គឺក្រុមឈ្មួញតែធ្វើសកម្មភាពដឹកជញ្ជូនឈើ ចេញពីក្នុងព្រៃតាមគោយន្តមកស្តុកទុក ដើម្បីលើកដាក់រថយន្ត ទៅលក់បន្តនៅខេត្តកំពង់ធំ។

លោកថា ក្នុងទិសដៅចូលរួមចំណែកអភិរក្សព្រៃឈើឱ្យនៅគង់វង្ស លោកបានដាក់បណ្តាញចាំឃ្លាំមើលគ្រប់ពេលវេលា ដើម្បីបង្រ្កាបឱ្យបានជាដាច់ខាតរាល់សកម្មភាព របស់ឈ្មួញឈើខុសច្បាប់ទាំងអស់៕