សមត្ថកិច្ចឃាត់ខ្លួនមេខ្យល់ជាអ្នកដាក់នារីអោយភ្ញៀវតាមផ្ទះសំណាក់ និងសណ្ឋាគារបានម្នាក់ និងក្មេងស្រីៗបាន៧នាក់
ភ្នំពេញ ៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាប ជាក់ស្តែងករណីប្រព្រឹត្តិ អំពើសញ្ចារកម្ម មានស្ថានទម្ងន់ទោស (នាំនារីក្មេងៗ ឱ្យរួមភេទជាមួយភ្ញៀវ នៅតាមផ្ទះសំណាក់ និងសណ្ឋាគារ) ដោយបានឃាត់ខ្លួនស្រ្តីមេខ្យល់ម្នាក់ និង នារីរងគ្រោះចំនួន ០៧នាក់ ក្នុងនោះមានអនីតិជនចំនួន០៥នាក់។
ប្រតិបត្តិការនេះដោយមានការចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ សម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំដោយលោក ឩត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ធ្វើការឃាត់ស្រ្តីសង្ស័យជាអ្នកគ្រប់គ្រងម្នាក់និងនារីរងគ្រោះ ក្មេងៗចំនួន៧នាក់ នៅវេលាម៉ោង២រសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ចំណុចភោជ្ជនីយដ្ឋាន តាឪ ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មេខ្យល់ ឈ្មោះ ឆយ ចន្ថា អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ ផ្ទះជួល ផ្លូវបេតុង សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងនារីរងគ្រោះចំនួន០៣នាក់ ឃាត់ខ្លួននៅចំណុចភោជនីយ៍ដ្ឋាន តាឪ ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ និង នារីជនរងគ្រោះ ចំនួន០៤នាក់ បន្ថែមទៀត ឃាត់ខ្លួននៅ ចំណុចផ្ទះសំណាក់ ហេងមហាសាល ផ្លូវជាតិលេខ៦A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
យោងតាមនារីរងគ្រោះបានអោយដឹងថា ភោជនីយ៍ដ្ឋាន តាឪ ចាប់ផ្ដើមបើកដំណើរការពីវេលាម៉ោង១១ថ្ងៃត្រង់ រហូតដល់ម៉ោង៩យប់ ដោយមាននារីៗក្មេងជាច្រើននៅ បំរើភ្ញៀវនៅហាង ចំពោះភ្ញៀវ ដែលចូលមកហាង ពេលត្រូវការនារីក្មេងៗ មកអង្គុយកំដរនិងទៅរួមភេទនៅខាងក្រៅ គឺមេការឈ្មោះ ឆយ ចន្ថា អាចធ្វើការទំនាក់ទំនង តាមរយៈទូរស័ព្ទ បាននាំមកអោយភ្ញៀវមើលនិងសម្រាប់រួមភេទ ដោយក្មេងៗនារី មានអាយុចន្លោះពី១៥ឆ្នាំ ១៦ឆ្នាំ ឡើងទៅ ដោយក្នុងតម្លៃការរួមភេទក្នុង១ដង ចាប់ពី១០០$ដល់ ១៥០$ ចំពោះលុយបានមក គឺត្រូវអោយទៅមេខ្យល់ចំនួន១៥$ទៅ២០$ បន្ថែមទៀតនោះ មេខ្យល់បានសុំលុយធីបពី ភ្ញៀវចំនួនពី ២០$ទៅ៥០$ ជាកម្រៃជើងសារដែលខ្លួនបាននាំនារី មកអោយរួមភេទជាមួយភ្ញៀវផងដែរ។
បច្ចុប្បន្នសមត្ថកិច្ចបានឃាត់ស្រ្តីសង្ស័យនៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីសាកសួរ និង កសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។ ចំណែកនារីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ធ្វើការអប់រំ៕