Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

អ្នកសារព័ត៌មានដែលមន្ទីរពេទ្យ ម៉ាយហ៊ែល អួតថាវះកាត់ពោះវៀនដុះខ្នែងតែ ២ថ្ងៃជាបែរស្លាប់ដោយអយុត្តិធម៌

ភ្នំពេញ៖ ទីបំផុត! អ្នកជំងឺឈ្មោះ អ៊ី បញ្ញា បានស្លាប់ហើយ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ នេះ បន្ទាប់ពីក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ព្យាយាមជួយអស់លទ្ធភាព។

នៅមុនពេលឈានដល់ការគ្រោះថ្នាក់ដល់ជីវិតនេះ ជនរងគ្រោះ អ៊ី បញ្ញា បានទៅទទួលការព្យាបាល វះកាត់ពោះវៀនដុះខ្នែងនៅមន្ទីរសម្រាកព្យាបាល ម៉ាយហ៊ែល កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ កន្លងទៅ។

បន្ទាប់ពីគ្រូពេទ្យគ្មានជំនាញនៃមន្ទីរពេទ្យខាងលើ វះកាត់រួច ជនរងគ្រោះបានមានអាការៈធ្ងន់ធ្ងរទៅៗ រហូតគ្រួសារបានសម្រេចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី ប៉ុន្ដែជាអកុសល គឺសមភាពធ្ងន់ធ្ងរមិនអាចសង្គ្រោះបានឡើយ។

ម្តាយរបស់ជនរងគ្រោះ អ៊ី បញ្ញា ក៏បានដាក់ពាក្យបណ្តឹងប្តឹង ម្ចាស់ មន្ទីរពហុព្យាបាល ម៉ាយហ៊ែល ផងដែរ ក្រោយធ្វើការវះកាត់ជំងឺពោះវៀនដុះខ្នែង ខុសបច្ចេកទេស និង ធ្វេសប្រហែសក្នុងវិជ្ជាជីវៈ ហើយមិនទទួលខុសត្រូវក្នុងការព្យាបាលបន្ត ធ្វើអោយអ្នកជំងឺកាន់តែធ្ងន់ធ្ងរ រហូតដល់ស្លាប់។

លោកស្រី ស៊ឹម សម្បត្តិ រស់នៅក្នុងភូមិព្រៃស្នូល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ម្តាយរបស់លោក អ៊ី បញ្ញា អាយុ ២២ឆ្នាំ ជាអ្នកសារព័ត៌មានដំណឹងយប់មិញ បានប្តឹងម្ចាស់ មន្ទីរពហុព្យាបាល ម៉ាយហ៊ែល ដែលមានទីតាំងផ្ទះលេខ ០៩-១០ AE0E1E2 ស្ថិតនៅផ្លូវទួលពង្រ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ក្រោយធ្វើការវះកាត់ជំងឺពោះវៀនដុះខ្នែង កូន ខុសបច្ចេកទេស និង ធ្វេសប្រហែសក្នុងវិជ្ជាជីវៈ ហើយមិនទទួលខុសត្រូវក្នុងការព្យាបាលបន្ត ធ្វើអោយអ្នកជំងឺកាន់តែធ្ងន់ធ្ងរ។ នេះបើយោងតាមពាក្យបណ្តឹង គោរពចូល លោកអធិការនគរបាលខណ្ឌដង្កោ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។

នៅក្នុងពាក្យបណ្តឹង បញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យនៃមន្ទីរពហុព្យាបាល ម៉ាយហ៊ែល បាននាំគ្នាសម្រេចធ្វើការវះកាត់ជំងឺពោះវៀនដុះខ្នែងឲ្យឈ្មោះ អ៊ី បញ្ញា។

ក្រោយលទ្ធផលវះកាត់បាន ៣ថ្ងៃ ស្ថានភាពជំងឺរបស់ឈ្មោះ អ៊ី បញ្ញា មានលក្ខណៈធ្ងន់ធ្ងរខ្លាំង ដូចជា ហើមពោះ ពិបាកដកដង្ហើម ហើយពេលក្រុមគ្រួសារ អ្នកថែទាំងជំងឺព្យាយាមទាក់ទង ហៅពេទ្យដែលវះកាត់នោះមកពិគ្រោះ ឬ តាមដានជំងឺម្តងៗ គ្មានគ្រូពេទ្យទទួលខុសត្រូវច្បាស់លាស់ឡើយ។

ដោយសារបញ្ហានេះ និងដោយសារអ្នកជំងឺមានអាការៈកាន់តែធ្ងន់ធ្ងរទៅៗ ពីមួយថ្ងៃ ទៅមួយថ្ងៃ ធ្វើឲ្យក្រុមគ្រួសារនាងខ្ញុំ និងកូនក្មួយអស់ជំនឿ មន្ទីរពហុព្យាបាល ម៉ាយហ៊ែល ទើបម្ដាយជនរងគ្រោះ និងជនរងគ្រោះម្រេចចិត្តសុំចេញពី មន្ទីរពហុព្យាបាល ម៉ាយហ៊ែល នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ដោយមកព្យាបាលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

យោងតាមពាក្យបណ្តឹងដដែលបន្តទៀតថា ឈ្មោះ អ៊ី បញ្ញា មុនពេលវះកាត់ គឺមានអាការៈធម្មតា គ្រាន់តែចុកពោះតិចតួចអាចបើកបរឡានខ្លួនឯង តាំងពីស្រុក រហូតមកដល់ មន្ទីរពហុព្យាបាល ម៉ាយហ៊ែល ដើម្បីពិគ្រោះជាមួយគ្រូពេទ្យអំពីមូលហេតុ នៃការចុកពោះ។

ពេលនោះក្រុមគ្រូពេទ្យបាននិយាយថា ឈ្មោះ អ៊ី បញ្ញា មានបញ្ហាពោះវៀនដុះខ្នែង ត្រូវវះកាត់ជាបន្ទាន់ ហើយគ្រូពេទ្យសន្យាថា វះកាត់រយៈពេលតែ ២ថ្ងៃ គឺអ្នកជំងឺជាហើយ បើមិនវះកាត់ទេ អាចមានបញ្ហាដល់អាយុជីវិត។

ហើយតម្លៃឈ្នូល នៃការវះកាត់វិញចំនួន ៦០០ដុល្លារ ប៉ុន្តែពេលនាងខ្ញុំសុំយកកូកចេញពីពេទ្យ គឺគ្រូពេទ្យគិតលុយសរុបចំនួន ១០០០ដុល្លារ។

ជាមួយគ្នានេះដែរ លោកស្រី ស៊ឹម សម្បត្តិ ជាម្តាយរបស់របស់ជនរងគ្រោះ ឈ្មោះ អ៊ី បញ្ញា សូមឲ្យលោកអធិរការនគរបាលខណ្ឌដង្កោ ជួយរកយុត្តិធម៌ ហើយចាត់ការម្ចាស់ មន្ទីរពហុព្យាបាល ម៉ាយហ៊ែល តាមច្បាប់ផង។

ទោះជាយ៉ាងណា រហូតមកដល់ថ្ងៃដែលជនរងគ្រោះស្លាប់នេះ មានរយៈពេល ៨ថ្ងៃហើយ គេនៅពុំទាន់ឃើញមានការចាត់ការលើពាក្យបណ្ដឹងរបស់ជនរងគ្រោះពីមន្ត្រីជំនាញ ឬមានការចាត់វិធានការស្រាវជ្រាវណាមួយពីសំណាក់ក្រសួងសុខាភិបាលនៅឡើយទេ៕