នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជួបពិភាក្សាការងារជាមួយតំណាងភាគីអាមេរិក
ភ្នំពេញ ៖ កាលពីសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានទទួលជួបពិភាក្សាការងារជាមួយតំណាងភាគីអាមេរិក ក្នុងគោលបំណងបន្តពង្រឹងកិច្ចសហការរវាងមន្រ្តីអនុវត្តច្បាប់នៃភាគីអាមេរិកជាមួយនគរបាលជាតិកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ។
សមាសភាពតំណាងភាគីអាមរិចរួមមាន៖
១-លោក Steve Stuehser អនុព័ន្ធច្បាប់តំណាង FBI ប្រចាំស្ថានទូតអាមេរិកនៅកម្ពុជា
២-លោក Russell Bash អនុព័ន្ធច្បាប់តំណាង ICE ប្រចាំស្ថានទូតអាមេរិកនៅកម្ពុជា
៣-លោក Weldon Montgomery មន្ត្រីផ្នែកនយោបាយទទួលបន្ទុករៀបចំរបាយការណ៍ប្រចាំស្ថានទូតអាមេរិកនៅកម្ពុជា
៤-លោក ប៊ុត ប៊ុណ្ណារ័ត្ន មន្ត្រីបកប្រែភាសា
លទ្ធផលនៃកិច្ចពិភាក្សារួមមាន ៖
១-ភាគីទាំងពីរ បានឯកភាពគ្នាធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ល្អប្រសើរនៃភាគីទាំងពីរ ដែលជាផ្នែកមួយយ៉ាងសំខាន់ឆ្លុះបញ្ចាំងអំពីចំណងទំនាក់ទំនងយ៉ាងល្អប្រសើររវាងកម្ពុជា អាមេរិក។
២-ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាចំពោះអនុសាសន៍អាមេរិកពាក់ព័ន្ធការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា ដែលក្នុងនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានធ្វើការបំភ្លឺយ៉ាងច្បាស់លាស់អំពីទិដ្ឋភាពច្បាប់ បទពិសោធន៍ និងស្ថានភាពជាក់ស្តែង ដោយបានធ្វើឲ្យតំណាងភាគីអាមេរិកយល់កាន់តែច្បាស់អំពីស្ថានភាពពិតនៃកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងអំពីជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារ។
ទន្ទឹមនោះ តំណាងភាគីអាមេរិក ក៏បានឯកភាពផងដែរថា ការវាយតម្លៃអំពីការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅកម្ពុជានាពេលកន្លងមក អាចមានការភាន់ច្រឡំ ខ្វះមូលដ្ឋានព័ត៌មាន និងមិនទាន់ស្វែងយល់ច្បាស់លាស់អំពីស្ថានភាពពិតនៃប្រទេសកម្ពុជា។
តំណាងភាគីអាមេរិកសន្យាថា នឹងធ្វើរបាយការណ៍ច្បាស់លាស់បញ្ជូនទៅទីក្រុងវ៉ាស៊ីនតោន អំពីស្ថានភាពពិតនៃកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា។
៣-ភាគីទាំងពីរ បានបង្ហាញអំពីទស្សនៈឯកភាពគ្នា ដើម្បីបន្តកិច្ចសហការឲ្យកាន់តែល្អប្រសើរថែមទៀតដោយ ៖
ជំរុញកិច្ចសហការផ្លាស់ប្តូរព័ត៌មានឲ្យបានច្បាស់លាស់ រួមទាំងការផ្តល់ទិន្នន័យបទល្មើសនិងលទ្ធផលបង្រ្កាបអំពើជួញដូរមនុស្ស។
សហការជួយគាំទ្រការលើកកម្ពស់ធនធានមនុស្ស ដោយភាគីអាមេរិកបានរៀបចំកញ្ចប់ថវិកាសម្រាប់កម្មវិធីបណ្តុះបណ្តាលលើមុខជំនាញស៊ើបអង្កេត និងការប្រឆាំងអំពើជួញដូរមនុស្សតាមប្រព័ន្ធបច្ចេកវិទ្យាទំនើប៕