Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

សិស្សវិទ្យាល័យក្រូចឆ្មារ ចំនួន១០នាក់ដួលសន្លប់ សង្ស័យបណ្ដាលមកពីធុំក្លឹនផ្សែងចេញពីឡដុតសពនៅក្បែរនោះ..!

ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានសិស្សវិទ្យាល័យស្រុកក្រូចឆ្មារចំនួន១០នាក់ (ស្រីទាំងអស់) ក្នុងនោះមានសិស្សថ្នាក់ទី៨ ទី៩ និងទី១១ បានដួលសន្លប់ជាបន្តបន្ទាប់ ។ ភ្លាមៗអាជ្ញាធរ លោកគ្រូ អ្នកគ្រូ និងមន្ត្រីសុខាភិបាល បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ បានធូរស្រាលឡើងវិញ។

សិស្សដែលដួលសន្លប់ ម្នាក់បញ្ជូនទៅមណ្ឌលសុខភាពក្បែរនោះបានដឹងខ្លួនត្រឡប់ទៅផ្ទះវិញ ដោយឡែក៩នាក់ទៀតក៏បានធូរស្រាលវិញផងដែរ ក្រោយសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ។

ក្រោយជួយសង្គ្រោះរួច បើតាមការបញ្ជាក់របស់លោក សយ ទូច អភិបាលស្រុកក្រូចឆ្មារ ចំពោះមូលហេតុ នៃការដួលសន្លប់សិស្សទាំង ១០នាក់នេះ គឺមានកត្តារួមផ្សំមួយចំនួន។

ចំពោះកត្តាទាំងអស់នោះ លោកវេជ្ជបណ្ឌិត ស្រូយ គា ប្រធានការិយាល័យសុខាភិបាលស្រុកក្រូចឆ្មារ បានបញ្ជាក់ថា៖

ទី១. ដោយសារសិស្សខំរៀនពេក ធ្វើឱ្យខ្សោយអស់កម្លាំង ខ្វះជីវជាតិមួយចំនួន

ទី២. សិស្ស២ទៅ៣នាក់ក្នុងចំណោមនោះ គាត់មានជំងឺខ្សោយខាងផ្លូវដង្ហើមធ្វើឲ្យសន្លប់ ហើយសិស្សដទៃទៀតឃើញភ័យក៏សន្លប់តាមដែរ (សិស្សដែលខ្សោយបញ្ហាដង្ហើមនោះ ឧស្សាហ៍ដួលសន្លប់ផងដែរ)

ទី៣. ដោយសារកត្តាបរិស្ថាន ព្រោះក្រោយសាលា គឺមានឡឥដ្ឋ និងឡដុតសាកសព ដែលកំដៅជះចេញពីឡអាចធ្វើឲ្យប៉ះពាល់ដល់អុកសុីសែន។

សូមបញ្ជាក់ថា នេះមិនមែនជាករណីទីមួយទេ ដែលសិស្សដួលសន្លប់នៅទីនេះ ដោយហេតុការណ៏នេះ ក៏បានកើតឡើងម្ដងដែរនៅគ្រាមុន គឺបន្ទាប់ពីក្រសួងបរិស្ថាន បានចុះមកពិនិត្យគុណភាពខ្យល់អុកស៊ីសែន ឃើញថាមានការប៉ះពាល់បណ្តាលមកពីចំហាយឡឥដ្ឋនៅក្រោយសាលា អាជ្ញាធរសម្រេចបិទឡឥដ្ឋជាបណ្ដោះអាសន្នផងដែរ ខណៈឡដុតសាកសពគឺនៅដំណើរការធម្មតា។

ដោយឡែកចំពោះករណីដែលសិស្សដួលសន្លប់នៅព្រឹកនេះ គាប់ជួនឡឥដ្ឋ និងឡដុតសពកំពុងដំណើរការព្រមគ្នាផងដែរ៕