Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

អាជ្ញាធរខេត្តស្វាយរៀង ចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ សិស្ស និស្សិត អាជីវករ និងសាធារណៈជន ឲ្យយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃអង្គារទី០៩ ខែកុម្ភៈ ឆ្នាំ ២០២១នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត លោកជំទាវ ដួង វណ្ណា ប្រធានកិត្តយសសាខា និងលោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា និងមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិការគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា អ្នកស្មគ្រ័ ចិត្តកាកបាទក្រហម បានអញ្ចើញចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ សិស្ស និស្សិត អាជីវករ និងសាធារណៈជន ឲ្យយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ រាល់ពេលធ្វើដំណើរ បើកបរចេះអធ្យាស្រ័យគ្នា មិនបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងបើកបរលើសល្បឿនកំណត់ ដើម្បីឈានទៅដល់ការកាត់បន្ថយអត្រាពិការស្លាប់ និងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍។

ពិធីចុះអប់រំនាព្រឹកនេះ រៀបចំនៅសួនពោធិ៍ព្រឹក(សួនតាឌី) នៅរង្វង់មូលមុខសាលាក្រុងស្វាយរៀង និងនៅផ្លូវកែងទំនប់តាណេង ក្រុងស្វាយរៀង ក្រោមការសហការរវាងរដ្ឋបាលខេត្ត សាខាកាកបាទក្រហមកម្ពុជាខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត ក្នុងគោលបំណងផ្សព្វផ្សាយ អប់រំ និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យបានយល់ដឹងពី កាតព្វកិច្ចដែលអ្នកបើកបរត្រូវប្រកាន់យកនៅពេលបើកបរនៅលើដងផ្លូវ ជាពិសេសការពាក់មួកសុវត្ថិភាព កុំបើកបរហួសល្បឿនកំណត់ និងត្រូវបំពេញលក្ខខណ្ឌយានជំនិះរបស់ខ្លួនឲ្យបានគ្រប់គ្រាន់ ដូចជាកញ្ចក់មើលក្រោយ ចង្កៀងបំភ្លឺភ្លើង សញ្ញាបត់ ។ល។ និងកាតព្វកិច្ចផ្សេងៗទៀតដែលច្បាប់តម្រូវ។

សូមបញ្ជាក់ថា ក្នុងយុទ្ធនាការនេះក៏មានចែកជូននូវឯកសារពាក់ព័ន្ធ ខិតប័ណ្ណនានា ទាក់ទងនឹងច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក បិទចំណាំងផ្លាត និងមានការរៀបចំជាកម្មវិធីសំនួរ ចម្លើយ ស្តីពីច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ហើយអ្នកដែលឆ្លើយត្រូវទទួលបានមួកសុវត្ថិភាព អាវយឺត ពីក្រុមការងារសាខា និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត រួមមានមួកសុវត្ថិភាព ចំនួន ៦០មួក អាវយឺត ១៨០ អាវ ម៉ាស់ ចំនួន ៣០០ សៀភៅច្បាប់ចរាចរណ៍ផ្លូវគោក ចំនួន ៣០០ក្បាល សៀវភៅអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹងចំនួន ៣០០ក្បាល ខិត្តប័ណ្ណជំនួយស្មារតីស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក ចំនួន ៣០០សន្លឹក ស្ទីគ័រថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ចំនួន ៣០សន្លឹក ចងបដាអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោកចំនួន ៤ ផ្ទាំង និងចែកខិតប័ណ្ណផ្សព្វផ្សាយ ៥០០សន្លឹក ដោយមានអ្នកចូលរួមផ្សព្វផ្សាយ និងឆ្លើយសំណួរសរុប ៤៥៥នាក់ ស្រី ២០២ នាក់។ ក្នុងឱកាសនោះដែរលោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា ក៏បានឧបត្ថម្ភដល់អ្នកចូលរួមចំនួន ៤៥៥នាក់ ក្នុងម្នាក់ៗថវិកា ១០.០០០រៀល៕