រថយន្ដដឹកថ្មបើកបុករថយន្ដដឹកមេសុីម៉ង់ត៍ក្រឡាប់របួសធ្ងន់២នាក់
ភ្នំពេញ ៖ យ៉ាងហោចណាស់មានមនុស្សប្រុសស្រី២នាក់បានរងរបួសធ្ងន់ បន្ទាប់ពីរថយន្តដឹកថ្ម បើកលឿនមិនប្រយត្ន័ជ្រុលទៅបុករថយន្តដឹកមេសុីម៉ង់ត៍ដែលចតនៅចញ្ចើមផ្លូវបណ្ដាលអោយក្រឡាប់
ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍នេះ បង្កឱ្យមានការ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺចូលថ្ងៃចន្ទ ទី១ ខែមិនា ឆ្នាំ២០២១ នៅចំណុចខាងត្បូងសាលាកូរ៉េប្រមាណ ប្រហែល៥០ម៉ែត្រ ភូមិភ្លូផ្អែម សង្កាត់គោករការ ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ សូរ ភាព ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្គុះ សង្កាត់ស្វាយក្រវ៉ាន់ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ ចំណែកអ្នកបើកបរមិនត្រូវបានស្គាល់ឈ្មោះនោះឡើយដោយបើករថយន្តដឹកថ្ម ក្បាលពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ3F.3040គៀបជាប់រងរបួសធ្ងន់ ។ ឯរថយន្តដឹកមេសុីម៉ង់ត៏ក្បាលពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3A.8556 អ្នកបើកគិចខ្លួនបាត់។
យោងតាមប្រភពពីប្រជាពលរដ្ឋបាន ប្រាប់ឲ្យដឹងថាដំបូងឡើយគឺមានរថយន្តដឹកមេស៊ីម៉ង់ត៍ម៉ាកហ៊ីយ៉ាន់ដាយ បើកមកចតនៅចិញ្ចើមផ្លូវ វិមានឈ្នះឈ្នះ បែរក្បាលទៅទិសខាងជើង ខណ:កំពង់តែចតក៏ស្រាប់តែមាន រថយន្តដឹកថ្ម បើកតាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះ ទឹសដៅពីត្បូងមកជើង យ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើក៏រេចង្កូតមកខាងស្ដាំដៃទៅបុកចំពីចំហៀងខាងឆ្វេងខាងក្រោយរថយន្តដឹកមេស៊ីម៉ង់ត៍បណ្ដាលឲ្យបែកកង់អស់២ និងកំពិតកាងក្រោយ ។ រថយន្តមិនទាន់អស់ល្បឿនបានទៅមុខប្រមាណ២០ម៉ែត្រក៏រ៉េចង្កូតមកស្ដាំដៃបុកចូលមុខផ្ទះប្រជាពលរដ្ឋធ្លាក់ចូលប្រឡាយលូទឹកស្អុយក្រឡាប់ផ្ងារមួយចំហៀងខ្ចាយថ្មពេញផ្លូវ និងរងរបួសស្រ្តីម្នាក់ត្រូវបាន ប្រជាពលរដ្ឋទាញចេញយកទៅសង្គ្រោះភ្លាមៗ។ ចំណែកឯតៃកុងគៀបជាប់នៅក្នុងរថយន្តរហូតដល់ខាងសង្គ្រោះបន្ទាន់711 កងពលតូច ង70 បានមកជួយសង្គ្រោះកាត់ដែកចេញយកតែកុងដែលគៀបជាប់យកទៅសង្គ្រោះនៅឯមន្ទីរពេទ្យលោកសង្ឃរងរបួសធ្ងន់។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងស្ទូចយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយគ្នានៅពេលក្រោយ៕