អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រគល់នូវអគារ សម្ភារ បរិក្ខារ និងហេដ្ឋារចនាសម្ព័ន្ធក្នុងបរិវេណមជ្ឈមណ្ឌលជាតិជូនក្រសួងសង្គមកិច្ច ធ្វេីការគ្រប់គ្រង
ខេត្តព្រះសីហនុ៖ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ក្រោយដំណេីរការសាងសង់អស់រយ:កាលជាង៣ឆ្នាំរួចមក អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វេីពិធីប្រគល់នូវអគារ សម្ភារ បរិក្ខារ និងហេដ្ឋារចនាសម្ព័ន្ធក្នុងបរិវេណមជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាលដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ដល់អ្នកញៀនគ្រឿងញៀន ដែលមានទីតាំងនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជូនដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដេីម្បីធ្វេីការគ្រប់គ្រងស្របតាមទិសដៅ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ពិធីប្រគល់-ទទួលនេះធ្វេីឡេីងក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានគណ:កម្មាធិការកសាងមជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាលដោយស្ម័គ្រចិត្ត និងផ្អែកលេីសហគមន៍ដល់អ្នកញៀនគ្រឿងញៀន និងឯកឧត្តម ធូ ស៊ុន រដ្ឋលេខាធិការ តំណាងឯកឧត្តម វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានការអញ្ជេីញចូលរួមពីអ្នកពាក់ព័ន្ធ។
ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាសមាជិកគណៈកម្មាធិការកសាងមជ្ឈមណ្ឌលជាតិ បានឱ្យដឹងថា អាជ្ញាធរជាតិបានចាក់ដីបន្ថែមនិងបង្ហាប់ដី ដាក់បង្គោល និងតបណ្តាញអគ្គិសនីក្នុងបរិវេណ និងអគារនានា ក្លោងទ្វារ រង្វង់មូល អាងចម្រោះទឹកស្អាត សង់របង ផ្លូវមេ ចាក់កៅស៊ូតូច-ធំ ប្រព័ន្ធលូ និងអគារដែលបានសាងសង់រួចរាល់ចំនួន១៣អគារ និងបន្តសាងសង់អគារដែលជាជំនួយរបស់មិត្តវៀតណាមចំនួន១២បន្ថែមទៀតដែលបច្ចុប្បន្នសាងសង់សម្រេចបានប្រមាណ៦៣%ហេីយ។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានថ្លែងនូវការកោតសសេីរដល់អ្នកពាក់ព័ន្ធទាំងអស់ដែលបានខិតខំបំពេញការងារប្រកបដោយការយកចិត្តទុកដាក់ និងបានថ្លែងអំណរគុណដល់ការគាំទ្ររបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សប្បុរសជន, មិត្តថៃ, មិត្តវៀតណាម មូលនិធិសម្តេចក្រឡាហោមនិងមូលនិធិរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងទំហំទឹកប្រាក់ចំនួនជិត៧លានដុល្លាអាមេរិក។
ក្នុងឱកាសនោះដែរ ថ្លែងក្នុងនាមឯកឧត្តម វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ធូ ស៊ុន រដ្ឋលេខាធិការ បានមានប្រសាសន៍ថា ដោយថ្លែងអំណរគុណដល់ប្រទេសជាមិត្ត សប្បរសជននិងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមការដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលយកចិត្តទុកដាក់គិតគូរដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនពិសេសលេីការងារព្យាបាលនិងស្តារនីតិសម្បទាដល់ជនរងគ្រោះដោយសារគ្រឿងញៀនដេីម្បីពួកគេបានជាសះស្បេីយក្លាយជាពលរដ្ឋល្អចូលរួមចំណែកជួយសង្គមឱ្យមានការរីកចម្រេីន និងមានសុវត្ថិភាព៕