រថយន្តដឹកទំនិញធុនធំបើកបុកម៉ូតូអូសជាច្រើនម៉ែត្របណ្តាលឲ្យស្លាប់យុវជនម្នាក់នៅខណ្ឌកំបូល
ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធម៌ បន្ទាប់ពីរថយន្តធន់ធំមួយគ្រឿងបុកអូសជាច្រើនម៉ែត្រ កាលពីវេលា ម៉ោង២និង១០នាទីរំលងអធ្រាត្រចូលថ្ងៃសុក្រ ទី៥ ខែមីនា ឆ្នាំ២០២១ នៅចំណុច មុខច្រកចូលបុរីសង្ឃឹមថ្មី ក្នុងភូមិវាល សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ កាន សុខគង់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់កាហ្វេប្រេម រស់នៅក្នុងភូមិត្រពាំងសុព័រ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយជិះម៉ូតូស្គុតពី ពណ៌ស ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខកណ្តាល1AJ.0821ជិះតែម្នាក់ឯង។ចំណែករថយន្តម៉ាកNISSAN UD1400ប្រភេទរថយន្តដឹកទំនិញធុនធំ ពណ៌សលាយបៃតង ពាក់ផ្លាកលេខភ្នំពេញ3C.0531បើកដោយបុរសម្នាក់។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេគេឃើញម៉ូតូម៉ាកស្គុតពី បើកតាមបណ្ដោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីកើតមកលិច យ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តធុនធំខាងលើបើកតាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅពីលិចមកកើត យ៉ាងលឿនបានវ៉ាជែងរថយន្តមួយគ្រឿងទៀត បានជ្រុលមកចំណីផ្លូវខាងស្ដាំម៉ូតូបណ្តាលឲ្យបុកចំពីមុខពេញទំហឹងអូសជាច្រើនម៉ែត្រប្រហែល១០០ម៉ែត្រ មនុស្សខ្ទាតចេញហើយកិនបែកក្បាលខ្ទិចស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ធ្វើឲ្យម៉ូតូរងការខូចខាតយ៉ាងដំណំនៅក្រោមរថយន្តតែម្ដង។ហើយអ្នកបើករថយន្តបង្កបានចុះរត់គេចខ្លួន បាត់ស្រមោល។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញចំណែកសព សមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតិដឹកយកទៅស្រុកអង្គស្នួលធ្វើបុណ្យតាមប្រពៃណី៕