សិស្សវិទ្យាល័យសំរោង ជាង៤០នាក់ បានស្រែកយំ និងដួលសន្លប់ជាបន្ដបន្ទាប់ ដោយមិនដឹងមូលហេតុុ.!
ខេត្ដសៀមរាប៖ សិស្សវិទ្យាល័យសំរោង ប្រមាណជាង ៤០នាក់ បានស្រែកយំ និងដួលសន្លប់ ដោយមិនដឹងមូលហេតុ។ ករណីនេះ អភិបាលស្រុកសូទ្រនិគម អះអាងថា មិនមានបញ្ហាធំដុំទេ។
ហេតុការណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ នេះ ក្នុងបរិវេណសាលាវិទ្យាល័យសំរោង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។
លោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម បានឲ្យដឹងថា ដោយឃើញសភាពបែបនេះ សមត្ថកិច្ចនិងលោកគ្រូអ្នកគ្រូ បានដឹកជញ្ជូនសិស្សទាំងនោះទៅកាន់មន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម និងមណ្ឌលសុខភាពឃុំសំរោង។ លោកបន្ថែមថា បើតាមការឲ្យដឹងពីលោកគ្រូអ្នកគ្រូ និងតាមការសង្កេត ព្រមទាំងតាមការពិនិត្យរបស់ក្រុមគ្រូពេទ្យ កូនសិស្សទាំងអស់នោះ មិនមានជំងឺឈឺថ្កាត់អ្វីនោះទេ ហើយបើតាមការស្រែកយំរបស់សិស្សសាលាទាំងអស់នោះគឺហាក់បីដូចជាមានរឿងអបិយជំនឿ(ខ្មោចចូល)។
បច្ចុប្បន្ននេះ សិស្សទាំងនោះ ត្រូវបានឪពុកម្ដាយដឹកយកទៅផ្ទះ និងអ្នកខ្លះទៀត ត្រូវបានឪពុកម្ដាយ ហៅគ្រូ មកសូត្រផ្លុំទៅជំនឿរបស់ពួកគាត់ហើយអ្នកខ្លះក៏បានធូរស្រាលអស់មួយចំនួនផងដែរ។
លោកម៉ក់ ប្រុស បានឲ្យដឹងបន្តថា តាមការបកស្រាយរបស់ក្រុមគ្រូពេទ្យថា គ្មានសញ្ញាណគ្រោះថ្នាក់អ្វីទេ ពីព្រោះ បរិមាណស្ករ និងសម្ពាធឈាម អុកស៊ីសែន គឺមិនមានបញ្ហាទេ តាមការសន្និដ្ឋាន គឺអារម្មណ៍ភ័យតៗគ្នា៕