ទិញអូរប័រថ្មីដឹកយកមកជិះលេងផ្ទុះឆេះរបួស៣នាក់ប្តីប្រពន្ធនិងកូនប្រុស
ភ្នំពេញ៖ ទូកអូរប័រ មួយគ្រឿង បានផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ នៅក្បែរច្រាំងបណ្តាលអោយរងរបួស៣នាក់ខណះពេល ដែលម្ចាស់ ទើបតែទិញថ្មី ៗ ហើយដឹកតាមរថយន្តមួយគ្រឿង យកទៅជិះ ដើរលេង ។
ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ២និង២០នាទីរសៀលថ្ងៃទី០៦ ខែ មិនា ឆ្នាំ ២០២១ នៅចំណុច ក្បាលជ្រោយចង្វារមុខ ព្រះបរមរាជវាំង ក្បែរសណ្ឋាគារ សុខា ក្នុងភូមិ ទី១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ជនរងគ្រោះ ភ្លាមៗ ពុំត្រូវបានស្គាល់អត្តសញ្ញាណឡើយ គី ប្តី ប្រពន្ធ និងកូនប្រុសអាយុ ១០ឆ្នាំម្នាក់ ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ។
តាមព័ត៌មានអោយដឹងថា នៅមុន ពេលកើតហេតុគេឃើញ ជនរងគ្រោះ ២នាក់ ប្តីប្រពន្ធនិងកូនប្រុស បានជិះ រថយន្តម៉ាកហ្វ័តពណ៌សមួយគ្រឿងពាកស្លាកលេខរដ្ឋ ២. ៥២ ៩៨ មួយគ្រឿង សណ្តោង រ៉ឺម៉ក ដឹកអូរប័រមួយគ្រឿងធំយកទៅទំលាក់ចុះក្នុងទឹក ដើម្បីបើកសាកព្រោះទើបតែទិញ ។
តាមព័ត៌មានអោយដឹងថា ខណះនោះ គេឃើញ បុរសជាប្តី ក៍បានចាក់សោកាច់កុងតាក់បញ្ឆេះ ទុកចោលហើយនាំគ្នា ឡើងជិះប្រុងបើកដឹកប្រពន្ធនិងកូនដើរលេង ដោយកូនជិះនៅខាងក្រោយក្បែរម៉ាស៊ីន ស្រាប់តែផ្ទុះចេញពីម៉ាស៊ីនលាន់កគ្រើកប៉ើងដំបូល ហើយឆេះយ៉ាងសន្ធោសន្ធៅតែម្តងបណ្តាល ប្តី ប្រពន្ធនិងកូន ទាំងអស់៣នាក់បានរងរបួសឆេះរលាករបួសធ្ងន់។
តាមព័ត៌មានអោយដឹងទៀតថា ភ្លាមៗ បង្កអោយមានការភ្ញាក់ផ្អើល ហើយ ប្រជាពលរដ្ឋ នៅក្បែរកន្លែងកើតហេតុ ក៍បាននាំគ្នាយកបំពង់ពន្លត់អគ្គីភ័យទៅបាញ់ពន្លត់រួមជាមួយ ខាងសាឡង់កំពង់ចម្លងបានយកទុយោទឹកបាញ់ពន្លត់ ។នៅក្នុងហេតុការណ៍នោះដែរ រថយន្តពន្លត់អគ្គីភ័យ ចំនួន ២គ្រឿងបានទៅអន្តរាគមន៍ បាញ់ពន្លត់ អស់ទឹក១គ្រឿង ។ជនរងគ្រោះជាប្តី ត្រូវបានបញ្ចូន ទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ។ចំណែក ស្រ្តីជាប្រពន្ធនិងកូន ត្រូវបានបញ្ចូន ទៅកាន់មន្ទីរពេទ្យគន្ធបុប្ជា៕