រថយន្តធុនធំ២គ្រឿង បុកគ្នានៅផ្លូវបំបែកបណ្តាលអោយមនុស្សម្នាក់រងរបួសធ្ងន់.!
ខេត្តកំពត៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងរវាងរថយន្តក្រុមហ៊ុនដឹកធ្យូងថ្ម និងរថយន្តដឹកទំនិញបានបុកគ្នា ទាំងកណ្ដាលថ្ងៃត្រង់ថ្ងៃទី៨ខែមិនា នៅលើកំណាត់ផ្លូវជាតិលេខ៣១ពីផ្លូវបំបែកគូស មកកាន់ស្រុកកំពង់ត្រាច ត្រង់ចំណុចផ្លូវកោង ស្ថិតក្នុងភូមិដើមពោធិ ឃុំអង្គសូរភី ស្រុកកំពង់ត្រាច ខេត្តកំពត ។
ភាគីខាងរថយន្តក្រុមដឹកធ្យូងថ្ម ពណ៌លឿង អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ ។ ចំណែកភាគីខាងរថយន្តដឹកទំនិញ ពណ៌ស អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរងរបួសធ្ងន់ ។
តាមការអោយដឹងពីលោកទុំ ទិត្យ ប្រធានផ្នែកនគរបាលចរាចរស្រុកកំពង់ត្រាចបានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តមួយគ្រឿងជារបស់ក្រុមហ៊ុនឯកជនមួយដឹកធ្យូងថ្មចូលរោងចក្រផលិតស៊ីម៉ង់ត៍ធ្វើដំណើរមកពីទិសខាងត្បូងទៅទិសខាងជើង ចំណែករថយន្តមួយគ្រឿងទៀតជារថយន្តដឹកអីវ៉ាន់នៅលកព្រែកចាក ធ្វើដំណើរមកពីជើងទៅទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុខាងលើដែលជាផ្លូវកោង ក៏បុកគ្នាយ៉ាងពេញទំហឹងតែម្តង ។
តាមប្រភពខាងលើបានអោយដឹងបន្តថា ក្នុងហេតុការណ៍ខាងលើនេះ បណ្តាលឱ្យរថយន្តដឹកទំនិញរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយអ្នកបើកបររងរបួសបាក់ជើងម្ខាង ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ចំណែករថយន្តដឹកធ្យូងថ្មបានបែកកង់ខាងស្ដាំចំនួន៣គ្រាប់ រីឯអ្នកបើកបរបានរត់គេចខ្លួនបាត់។
ក្រោយពេលកើតហេតុ នគរបាលបានប្រមូលបំណែករថយន្ត និងវាស់វែងនៅកន្លែងកើតហេតុ រួចយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រយទៀត ៕