តារាចម្រៀងផលិតកម្ម រស្មីហង្សមាស ឱក សុគន្ធកញ្ញា ប្រកាសតាម Facebook ថា «ខ្លួនអវិជ្ជមាន Covid-19» ពេលធ្វើតេស្តលើកទី១
ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្ម រស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា បានប្រកាសនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន នៅព្រឹកនេះថា នាងបានទទួលបានលទ្ធផលធ្វើតេស្តលើកទី១ នៃកូវីដ-១៩ហើយ ពោលគឺ អវិជ្ជមាន។
ឱក សុគន្ធកញ្ញា បានសរសេរសារក្នុងសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា «ជម្រាបសួរ និងសូមអរគុណជាថ្មីម្តងទៀត ចំពោះការជូនពរពីបងប្អូន។ សម្រាប់នាងខ្ញុំ និងក្រុមគ្រួសារព្រមទាំងបុត្រ បានចូលរួមធ្វើតេស្ត លើកទីមួយ រកមេរោគជំងឺកូវីដ១៩ ពេលនេះនាងខ្ញុំបានទទួលលទ្ធផលរួចហើយគឺ អវិជ្ជមាន (Negative)»។
តារាចម្រៀងរូបនេះបន្តថា «ប៉ុន្តែក្នុងអំឡុងពេលនេះនាងខ្ញុំ និងក្រុមគ្រួសារក៏កំពុងធ្វើចត្តាឡីស័ក្តរយៈពេល១៤ថ្ងៃ បន្តតាមដានសុខភាព ដើម្បីធ្វើតេស្តជាលើកទី២ បន្តទៀត តាមការណែនាំរបស់ក្រសួងសុខាភិបាល។ អរគុណណាស់ដល់ពុកម៉ែបងប្អូន អ្នកស្រលាញ់គាំទ្រនាងខ្ញុំទាំងអស់គ្នា ដែលបានបារម្ភនិងសួរសុខទុក្ខជាច្រើនដែលនាងខ្ញុំ មិនបានឆ្លើយតបបានទាំងអស់គ្នា ! សូមជូនពរមិត្តភក្តិបងប្អូនដែលកំពុងសម្រាកព្យាបាល ទទួលបានសុខភាពល្អរឹងមាំមកវិញឆាប់ៗ និងសូមអ្នកទាំងអស់គ្នា រក្សាជំហរជំនះឲ្យបាន ហង្សមាសត្រូវតែរឹងមាំ។ សូមប្រុងប្រយ័ត្ននឹងបន្តការពារថែទាំសុខភាពអោយកាន់តែខ្លាំងបន្ថែមទៀតចំពោះកូវិដ១៩នេះ “៣កុំ ៣កាពារ” »។
គួរជម្រាបថា នៅក្នុងមជ្ឈដ្ឋានសិល្បៈ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មហាជនបានកត់សម្គាល់ឃើញថា អ្នកសិល្បៈល្បីៗមួយចំនួនបានធ្វើតេស្តវិជ្ជមានកូវីដ១៩ ក្នុងនោះបន្ទាប់ពីពិធីការិនី កែវ ចាន់និមល និងគ្រួសារ, លោក ណុប បាយ៉ារិទ្ធ, កញ្ញា វី ឌីណែត និង តារាចម្រៀង អ្នកនាង សុគន្ធ នីសា ជាដើម។ តែយ៉ាងណា បណ្តាអ្នកគាំទ្របានជូនពរជាបន្តបន្ទាប់ឲ្យតារាខាងលើឆាប់ជាសះស្បើយឡើងវិញ និងសូមឲ្យសិល្បករផ្សេងទៀត ជៀសផុតពីជំងី កូវីដ-១៩ ផងដែរ៕