Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

ក្រសួងការងារប្រជុំលើកទី៣សម្រាប់ឆ្នាំ២០១៩អំពីប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរនិងស្បែកជើង

ភ្នំពេញ៖ក្រុមការងារបច្ចេកទេសត្រីភាគី បានបន្ដពិភាក្សាអំពីប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ២០១៩លើកទី៣នេះ គឺមានភាពល្អប្រសើរជាងកិច្ចប្រជុំមុនៗ។
ប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយកិច្ចប្រជុំកិច្ចប្រជុំ ក្រុមការងារបច្ចេកទេសត្រីភាគី ដើម្បីពិភាក្សាអំពីប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៩ នាព្រឹកថ្ងៃទី ១៨ ខែកញ្ញា នៅទីស្ដីការក្រសួងការងារ ឯកឧត្ដម ហេង សួរ អនុប្រធានលេខាធិការដ្ឋានគណៈកម្មការប្រឹក្សាការងារ បានមានប្រសាសន៍ថា ក្រុមការងារបច្ចេកទេសត្រីភាគី បានបន្ដពិភាក្សាកាន់តែមានភាពស៊ីសង្វាក់គ្នា ដែលឈានដល់លទ្ធផលថ្មីមួយ និងកាន់តែមានភាពវិជ្ជមានបើធៀបនឹងកិច្ចប្រជុំមុនៗ។ឯកឧត្ដមបន្ដថា ការពិភាក្សាកាន់តែមានភាពវិជ្ជមាននេះ ដោយភាគីនិយោជកបានតំឡើងតួលេខរបស់ខ្លួនពី១៧៥ដុល្លារដល់១៧៦ដុល្លារ សម្រាប់ប្រាក់ឈ្នួលអប្បបរមាឆ្នាំថ្មី ហើយភាគីកម្មករនិយោជិកគឺបានកែសម្រួលការទាមទារបស់ខ្លួនពី១៩២ដុល្លារមកនៅត្រឹម១៨៩ដុល្លារផងដែរ។ឯកឧត្ដម ហេង សួរបានបញ្ជាក់ថា លទ្ធផលដែលមានការសម្របសម្រួលនេះ គឺមានការធានអះអាងពីភាគីរាជរដ្ឋាភិបាល ដើម្បីកែសម្រួលសេវាផ្សេងៗ ក្នុងការធានាបរិយាកាសវិនិយោគសម្រាប់វិស័យកាត់ដេរនេះ ។
ឯកឧត្ដម ហេង សួរបានរំពឹងថា នៅក្នុងកិច្ចប្រជុំបន្ទាប់នឹងមានតួរលេខមួយកាន់តែកៀក និងឈានទៅដល់ការសម្រេចគ្នានៅពេលខាងមុខនេះ។
សូមបញ្ជាក់ថា កិច្ចប្រជុំក្រុមការងារបច្ចេកទេសត្រីភាគី ដើម្បីពិភាក្សាអំពីប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៩ នឹងចាប់ផ្ដើមថ្ងៃទី៤ខែតុលា ដែលជាកិច្ចប្រជុំចុងក្រោយរបស់ក្រុមការងារបច្ចេកទេសត្រីភាគី ហើយនៅថ្ងៃទី៥តុលាគណៈកម្មការប្រឹក្សាការងារដំណើរការប្រជុំជាលើកទី២ ដើម្បីពិនិត្យទៅសំណើរក្រុមការងារបច្ចេកទេសត្រីភាគីបានសម្រេចនៅថ្ងៃទី៤ខែតុលា ៕