លោកស្រី ឱ វណ្ណឌីន ៖ ទារក និងកុមារ ក៏កូវីដ១៩ មិនលើកលែងដែរ, សូមដាក់ខ្លួននៅក្នុងផ្ទះ បើគ្មានការចាំបាច់ចេញក្រៅ
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាមន្ត្រីជំនាញលើសុខភាពសាធារណៈ បានសម្តែងនូវការតក់ស្លុត និងរន្ធត់ចិត្តជាពន់ពេក បន្ទាប់ពីឃើញជំងឺកូវីដ១៩ បានចាប់ផ្តើមរាតត្បាតទៅលើទារក ទារិកា និងកុមារតូចៗ។
ក្តីរន្ធត់ចិត្ត និងតក់ស្លុតរបស់លោកស្រីរដ្ឋលេខាធិការ ដែលដូចគ្នាទៅនឹងប្រជាពលរដ្ឋខ្មែរដទៃទៀតដែរនោះ គឺបន្ទាប់ពីគេបានឃើញជំងឺកូវីដ១៩ កើតលើកុមារាម្នាក់អាយុ៦ឆ្នាំ នៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។ កុមារាដែលមានលំនៅឋានក្នុងខណ្ឌឫស្សីកែវរូបនេះ គេបានឆ្លងជំងឺពីម្តាយរបស់គេ។
រូបភាពក្រុមគ្រូពេទ្យនាំកុមារាឡើងរថយន្តពេទ្យឆ្ពោះទៅកាន់កន្លែងព្យាបាល Great Duck ទីដែលម្តាយគេកំពុងព្យាបាលជំងឺកូវីដ១៩ដែរនោះ បានធ្វើឱ្យផ្ទុះឡើងនូវក្តីអាណិតអាសូរ និងភាពក្តុកក្តួលជាពន់ពេក។
សម្រាប់លោកស្រី ឱ វណ្ណឌីន រឿងដែលត្រូវធ្វើជាចាំបាច់សម្រាប់មនុស្សពេញវ័យ ដើម្បីកុំឱ្យមានការឆ្លងទៅកុមារតូចៗនាពេលនេះ ត្រូវរួមគ្នាទប់ស្កាត់កុំឱ្យមានការចម្លងជំងឺកូវីដ១៩បន្តទៅទៀត។
លោកស្រី បានអំពាវនាវដល់ប្រជាពលរដ្ឋរួមគ្នាទប់ស្កាត់ ដោយអនុវត្តតាមវិធាននានា ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរ។ លោកស្រី បានអំពាវនាវយ៉ាងដូច្នេះ «គ្មានអ្វីដែលល្អប្រសេីរជាងការនៅផ្ទះ កុំចេញក្រៅផ្ទះ បេីមិនចាំបាច់បេីចាំបាច់ត្រូវចេញសុំអនុវត្តន៍វិធានការ [៣ការពារ និង៣កុំ] ដែលបានដាក់ចេញដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ឱ្យអនុវត្តន៍ទាំងអស់គ្នា ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត អ្នកនៅភ្នំពេញសូមកុំចេញទៅខេត្ត អ្នកនៅខេត្តសូមកុំទាន់អាលចូលមកភ្នំពេញ»។
លោកស្រីបន្តថា «អ្នកដែលត្រូវធ្វេីចត្តាឡីស័កចំនួន ១៤ថ្ងៃ សូមគោរពអនុវត្តន៍ឱ្យបានត្រឹមត្រូវជាទីបំផុត ផ្អាក ឬពន្យារពេលការជួបជុំគ្នាជាចាំបាច់ និងនាំគ្នាធ្វេីការពីផ្ទះតាមអនឡាញ សាមគ្គីគ្នា ជួយអប់រំគ្នាក្នុងគ្រួសារនិមួយៗ (សុខចិត្តទ្រាំលំបាកនៅពេលនេះសិនជាជាងការលំបាកហួសប្រមាណនៅពេលខាងមុខប្រសិនបេីយេីងមិនចូលរួម ៣ការពារ និង ៣កុំទេនោះ) ទេីបយេីងអាចឆ្លងកាត់ដំណាក់កាលដ៏លំបាកនេះទាំងអស់គ្នាបាន»។
ជាមួយនឹងការសង្វេគចិត្តចំពោះការឆ្លងជំងឺទៅកុមារតូចៗនេះ លោកស្រី ឱ វណ្ណឌីន បានផ្ញេីជូននូវការជូនពរដល់កុមាតូចៗ សូមឱ្យកូនបានជាសះស្បេីយបានឆាប់ៗ និងជូនពរដល់អ្នកជំងឺអ្នកដែលឆ្លងកូវីដ១៩រួចហេីយទាំងអស់ ឱ្យឆ្លងកាត់ដំណាក់វ៉ៃលុករបស់សត្រូវអត់ស្រមោលវិលមករកការជាសះស្បេីយឆាប់ៗ។
សម្រាប់អ្នកមិនទាន់ឆ្លង លោកស្រី ឱ វណ្ណឌីន បានជូនពរសុំកុំឱ្យមានការឆ្លងបន្តគ្នា សូមមានសុខភាពល្អ និងរួមគ្នាវ៉ៃបកសត្រូវមេីលមិនឃេីញនេះ ដោយអាវុធ «៣ការពារ និង៣កុំ»។
សូមបញ្ជាក់ថា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ម្សិលមិញ គេបានរកឃើញទារិកាអាយុ៧ខែម្នាក់ ទារកអាយុ ១ឆ្នាំម្នាក់ និងកុមារតូចៗ៧នាក់ បានឆ្លងជំងឺកូវីដ១៩៕