Friday, November 22, 2024
Latest:
គ្រោះថ្នាក់ចរាចរណ៍

រថយន្តកុងទីន័រខូចកណ្ដាលផ្លូវមិនដាក់ចំណាំងផ្លាតត្រូវបានម៉ូតូកង់បីបុកពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់ជាម្ចាស់កង់បីស្លាប់ភ្លាមនៅកន្លែងកើតហេតុ

ព្រះសីហនុ៖ រថយន្តកុងទីន័រខូចកណ្ដាលផ្លូវមិនដាក់ចំណាំងផ្លាតត្រូវបានម៉ូតូកង់បីបុកពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់ជាម្ចាស់កង់បីស្លាប់ភ្លាមនៅកន្លែងកើតហេតុ។កាលពីម៉ោង៥ព្រឹកទៀបភ្លឺ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩៥-១៩៦។នៅក្នុងភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩៥-១៩៦។

សមត្ថកិច្ចបញ្ជាក់ថាគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងម៉ូតូសណ្តោងរ៉ឺម៉ក ០១គ្រឿង ពណ៌ក្រហម មានទិសដៅ (ខេត្តព្រះសីហនុ-ភ្នំពេញ) បើកបរដោយឈ្មោះ គឹម សំភាស់ ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅផ្លូវលំ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ភ្នំពេញ បានបុកពីក្រោយរថយន្ត ០១គ្រឿងម៉ាក HINO ពណ៌ស-ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 3E-8341 ដែលខូចនៅលើផ្លូវ ដោយមិនមានដាក់របាំង ឬភ្លើងសញ្ញាសម្គាល់ (ទិសដៅស្របគ្នា) បណ្តាលឲ្យអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉ក ស្លាប់នៅនឹងកន្លែងកើតហេតុ។ អ្នកបើកបររថយន្តដោយឈ្មោះ ភា ភាន់ ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិក្រាំងអំពិល ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំយកដោះស្រាយតាមផ្លូវច្បាប់។

បច្ចុប្បន្នរថយន្ត និងម៉ូតូ នាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចំណែកសាកសពជនរងគ្រោះរង់ចាំប្រគល់ជូនក្រុមគ្រួសារ៕