មាន់រស់ជាង៥០០ក្បាលដឹកពីថៃខុសច្បាប់ត្រូវសមត្ថកិច្ចជំនាញចាប់ដុតកំទេចចោល
ខេត្តបន្ទាយមានជ័យ៖ ក្រុមមន្ត្រីជំនាញបានដេញចាប់រថយន្ត១គ្រឿងដែលដឹកមាន់រស់នាំចូលពីថៃខុសច្បាប់និងរឹបអូសមាន់ជាង៥០០ក្បាលស្ថិតនៅភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ កាលពីរំលងអធ្រាត្រចូលថ្ងៃទី២៥ខែមីនា ឆ្នាំ២០២១ ។
លោក ហ៊ុយ ទូច នាយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា៖ឈ្មួញជាអ្នកនាំមាន់ចូលពីថៃឈ្មោះ រិន សារឿយ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិខាងលើ។អ្នកបើករថយន្តដឹកមាន់ឈ្មោះ ចាន់ រ៉ាន់ភេទប្រុស អាយុ៣៨ឆ្នាំរស់នៅភូមិថ្នល់បត់ ឃុំភ្នំតូច ស្រុកមង្គលបូរី។
លោក ហ៊ុយ ទូច បានបញ្ជាក់ថា ៖កម្លាំងនគរបាលស្រុកម៉ាឡៃ បានស្រាវជ្រាវ ឃើញរថយន្តតួរីស១គ្រឿងពាក់ផ្លាកលេខ2V.1473ដែលដឹកមាន់ចេញពីច្រករបៀងអូរល្ហុង ស្ថិតភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ។មាន់រស់នាំចូលពីថៃ តាមច្រករបៀងអូរល្ហុង ដែលមានមាន់រស់ចំនួន៥១០ក្បាល។
មន្ត្រីចម្រុះបានពិនិត្យឃើញមាន់រស់ដែលឈ្មួញនាំចូលពី ដោយខុសច្បាប់នេះគឺមានការព្រួយបារម្ភពីជំងឺឆ្លងផ្តាសាយបក្សី ។មន្ត្រីជំនាញឃាត់នាំយកទៅការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ ដើម្បីយកសំណាកទៅពិនិត្យនៅក្រសួងកសិកម្មរុករុក្ខាប្រមាញ់ និងនេសាទហើយរង់ចាំចេញលទ្ធផលដើម្បីអនុវត្តតាមច្បាប់៕