សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន១២នាក់ ពាក់ពន្ធ័ករណីចាប់ជំរិតទារប្រាក់ និងរំដោះជនរងគ្រោះបាន២នាក់ផងដែរ
ភ្នំពេញ៖ កម្លាំងនគរបាលក្រសួងមហាផ្ទៃនិងនគរបាលរាជធានីភ្នំពេញ រួមទាំងនគរបាលមូលដ្ឋានខណ្ឌកាលពីល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បានចុះបង្ក្រាបជនសង្ស័យចំនួន១២នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ច្រើនម៉ឺនដុល្លារនៅសណ្ឋាគារ “POSITANO BOUTIQUE HOTEL”។ករណីនេះនៅផ្ទះលេខ៤ និងលេខ ៦ ផ្លូវលេ១៤៤ ភូមិ៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញនិងបានរំដោះជនរងគ្រោះ២នាក់ដោយសុវត្ថិភាព។
មន្រ្តីក្នុងប្រតិបត្តិការបានឱ្យដឹងថា៖ ក្រុមជនសង្ស័យបានស្លៀកពាក់ឯកសណ្ឋានឈុតដូចក្រុមគ្រូពេទ្យ ចុះយកសំណាក ដើម្បីធ្វើសកម្មភាព ចាប់ជនរងគ្រោះ នៅមូលដ្ឋានខណ្ឌចំការមន រួចជំរិតទារប្រាក់ចំនួន ៣ម៉ឺនដុល្លារ។ កម្លាំងសមត្ថកិច្ចជំនាញ ទទួលបានព័ត៌មាន ក៏សហការជាមួយមូលដ្ឋានស្រាវជ្រាវ ស៊ើបអង្កេត រហូតជួយរំដោះចិនរងគ្រោះបាន២នាក់ ។
មន្ត្រីដដែលបានបន្តថា៖កម្លាំងនគរបាលបានឈានដល់ការចាប់ជនសង្ស័យជាជនជាតិចិននិងវៀតណាមជាបន្តបន្ទាប់ចំនួន១២នាក់។ ក្នុងនោះមានស្រី្តម្នាក់ជនជាតិចិន នៅសណ្ឋាគារ POSITANO BOUTIQUE HOTEL ។
បច្ចុប្បន្នជនសង្ស័យទាំង១២នាក់ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានសាកសួរចម្លើយបឋម រួចប្រគល់ឱ្យនគរបាលមូលដ្ឋានខណ្ឌចំការមនដើម្បីចាត់ការបន្តតាមច្បាប់៕