រថយន្តក្រឡុកស៊ីម៉ង់ត៍បើកបុកម៉ូតូពីក្រោយនិងកិនស្ត្រីម្នាក់បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអធម៌
ភ្នំពេញ ៖ ស្ត្រីម្នាក់ចេញពីធ្វើការសំណង់ជិះម៉ូតូ ទៅផ្ទះអកុសលត្រូវរថយន្តក្រឡុកស៊ីម៉ង់ត៍បើកបុកម៉ូតូពីក្រោយនិងកិនបណ្ដាលឲ្យស្លាប់ ឯបុរសម្នាក់ទៀតរងរបួសស្រាល
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៥ និង ៣០នាទីល្ងាចថ្ងៃទី២២ ខែមិថុនាឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ភូមិប្រការសង្កាត់សង្កាត់ព្រៃស ខណ្ឌដង្កោ ។
សពស្ត្រីរងគ្រោះមានឈ្មោះ សុខ ការ អាយុ ៤៧ ឆ្នាំមុខរបរជាកម្មករ សំណង់ ស្នាក់នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើត ភូមិស្វាង ឃុំ ប្រធាតុ ស្រុកកំពងត្របែក ខេត្តព្រៃវែង ។
បើតាមសម្ដីបុរសម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានជិះម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BY-8009 ឌុបស្ត្រីរងគ្រោះចេញពីធ្វើការសំណង់នៅការដ្ឋានមួយកន្លែងបំណងត្រឡប់ទៅផ្ទះដោយធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ខណៈមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ង់ត៍បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនមកបុកម៉ូតូគាត់ពីក្រោយ បណ្ដាលឲ្យម៉ូតូរបស់គាត់ដួលឯស្ត្រីរងខ្ទាតចូលក្រោម រថយន្តបណ្ដាលអោយរថយន្តកិនស្លាប់ ។ ចំណែកគាត់បានខ្ទាតចេញមកក្រៅរងរបួសស្រាល ពេលនោះរថយន្តបានបន្តបើកទៅមុខប្រហែលជា ២០០ម៉ែត្រត្រូវបានប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវដេញឃាត់ចាប់បានអ្នកបើកបរប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ ចុះទៅធ្វើការវាសវែងប្រគល់រថយន្តនិងម៉ូតូទៅឲ្យសមត្ថកិច្ចជំនាញការិយាល័យរចរាចរណ៍នៃស្នងការនគរបាលធានីភ្នំពេញយកទៅរក្សាទុកចំណែកសពត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕