Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

បញ្ជូនខ្លួនលោក កែវ មុនីរតន៍ ថៅកែ បុរី អ៊េមឺរ៉លដ៏ ស៊ីធី ទៅឲ្យតុលាការដាក់គុក ខណៈកំពុងមានអ្នកអន្តរាគមន៍ឲ្យលែង

(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នេះ បានបញ្ជូនខ្លួនលោក កែវ មុនីរតន៍ ថៅកែ បុរី អ៊េមឺរ៉លដ៏ ស៊ីធី ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យតុលាការចាត់ការតាមច្បាប់។

ប្រភពពីសមត្ថកិច្ច បានបង្ហើបថា ខណៈតុលាការកំពុងសាកសួរលោក កែវ មុនីរតន៍ ថៅកែ បុរី អ៊េមឺរ៉លដ៏ ស៊ីធី ក៏មានការអន្តរាគមន៍ ពីមន្ត្រីធំម្នាក់ពាក់ផ្កាយរហូតទៅ៤ បញ្ជាឲ្យតុលាការដោះលែងជននេះឲ្យមានសេរីភាពពីសំណាញ់ច្បាប់វិញ។

ជុំវិញករណីនេះ ប្រភពពីជនរងគ្រោះ បានទទូចស្នើសុំឲ្យតុលាការអនុវត្តទៅតាមច្បាប់ ដើម្បីផ្ដល់យុត្តិធម៌ដល់ម្ចាស់លុយដែលបានខាតបង់អស់ជាច្រើន។ ម្យ៉ាងទៀត បើលោកផ្កាយ៤ (សូមលាក់ឈ្មោះសិន) ចង់ឲ្យតុលាការជនលោក កែវ មុនីរតន៍ សូមលោកផ្កាយ៤យកលុយមកសងជនរងគ្រោះជនួសឈ្មោះ កែវ មុនីរតន៍ ទៅ កុំប្រើអំណាចឥទ្ធិពលលើស្ថាប័នតុលាការ ព្រោះវាជារឿងមិនត្រឹមត្រូវនោះទេ និងធ្វើឲ្យពលរដ្ឋរងគ្រោះព្រោះជនឈ្មោះ កែវ មុនីរតន៍ កាន់តែច្រើន ឬមួយលោកផ្កាយ៤ មានផលប្រយោជន៍អ្វីពីជនឈ្មោះ កែវ មុនីរតន៍ ទើបហ៊ានយកអំណាចបុណ្យស័ក្តិទៅកាងជនល្មើសបែបនេះ?

សូមជម្រាបជូនថា លោក កែវ មុនីរតន៍ ថៅកែ បុរី អ៊េមឺរ៉លដ៏ ស៊ីធី ត្រូវបានសមត្ថកិច្ចចាប់ខ្លួន តាមដីកាបង្គាប់ឲ្យនាំខ្លួន របស់លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងទំហំទឹកប្រាក់ប្រមាណជិត ៥០ម៉ឺនដុល្លារ។

ជនត្រូវចោទឈ្មោះ កែវ មុនីរតន៍ ថៅកែ បុរី អ៊េមឺរ៉លដ៏ ស៊ីធី ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅផ្ទះលេខ៧ ផ្លូវលេខ១០១៥ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានតំណាងអយ្យបើការស៊ើបសួរ និងសម្រេចចោទប្រកាន់បញ្ជូនរឿងឲ្យស៊ើបសួរ តាមដីកាលេខ១២៥៥ អ.យ.ឋ ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។

យោងតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា បុគ្គលឈ្មោះ កែវ មុនីរតន៍ ថៅកែ បុរី អ៊េមឺរ៉លដ៏ ស៊ីធី ធ្លាប់ត្រូវបានសមត្ថកិច្ចវាយខ្នោះបញ្ជូនទៅតុលាការដាក់គុកចំនួន ២លើករួចមកហើយ សរុបលើកនេះគឺ ៣ដងហើយ ពាក់ព័ន្ធករណីឆបោកប្រាក់ ប៉ុន្តែជននេះមិនសូវជាប់គុកបានយូរនោះទេ ពោលគឺជាប់តែមួយចំអិនកំពិស អាចចេញមកវិញបានភ្លាមព្រោះមានលោកផ្កាយ៤ម្នាក់នៅចាំកាង និងអន្តរាគមន៍ឲ្យដោះលែង ដើម្បីមានឱកាសទៅដើរឆបោកគេបន្តទៀត។

គួររំលឹកថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ លោក កែវ មុនីរតន៍ ដែលជាអគ្គនាយកក្រុមហ៊ុន កែវសុខវាសនាវឌ្ឍនាវតី ធ្លាប់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមដីការបស់តុលាការពាក់ព័ន្ធរឿងឆបោកប្រាក់ជាង ២លានដុល្លារ ក្រោមរូបភាពលក់ដីខ្យល់។

កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ លោក ជីប ចណ្ណារិទ្ធិ មេធាវីការពារសិទ្ធិឲ្យម្ចាស់ដី និងជាជនរងគ្រោះឈ្មោះ ជៃ ហូមីង ជនជាតិចិន ក៏បានដាក់ពាក្យទៅសាលាស្រុកអង្គស្នួល និងសាលាឃុំលំហាច ឲ្យទប់ស្កាត់សកម្មភាពសាងសង់សំណង់ខុសច្បាប់របស់ បុរី អ៊េមឺរ៉លដ៏ ស៊ីធី ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៤១ ម្ដុំជិតផ្សារថ្នល់ទទឹង កែងផ្លូវ៦០ម៉ែត្រ ត្រង់គីឡូ ម៉ែត្រ លេខ៣ ក្នុងភូមិពន្លឺ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ផងដែរ៕