Monday, November 25, 2024
Latest:
ព័ត៌មាន​ជាតិ

បែកធ្លាយ! មានអ្នករត់ការឲ្យតុលាការខេត្តកណ្ដាលដោះលែងឈ្មោះ មឿន សាម៉ុន ឲ្យនៅក្រៅឃុំ

(កណ្ដាល)៖ ប្រភពច្បាស់ការពីសាលាដំបូងខេត្តកណ្ដាល បានបង្ហើបថា មានអ្នកមានអំណាចម្នាក់កំពុងរត់ការឲ្យតុលាការដោះលែងជនជាប់ចោទឈ្មោះ មឿន សាម៉ុន ឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន។

សូមជម្រាបថា ជនជាប់ចោទឈ្មោះ មឿន សាម៉ុន ភេទប្រុស អាយុ ២៦ឆ្នាំ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល សម្រេចចេញដីកាបង្គាប់ឲ្យឃុំលេខ៣០១៥ ដកឃខ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ក្រោមបទពីបទរំលោភលើទំនុកចិត្ត យោងតាមមាត្រា ៣៩១ និងមាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌ។

ប្រភពីសមត្ថកិច្ច បានឲ្យដឹងថា ជនជាប់ចោទឈ្មោះ មឿន សាម៉ុន បានទិញរថយន្តចំនួន ៤គ្រឿងពីក្រុមហ៊ុនមួយ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ មានតម្លៃសរុបជិត ៣០ម៉ឺនដុល្លារដោយមានកាតព្វកិច្ចបង់ប្រាក់ជូនក្រុមហ៊ុនជាដំណាក់កាល ឲ្យបានគ្រប់ចំនួនអស់ទើប ក្រុមហ៊ុន កាត់ឈ្មោះផ្ទេរកម្មសិទ្ធិលើប័ណ្ណសម្គាល់យានយន្ត (កាតគ្រី) ជូន ឈ្មោះ មឿន សាម៉ុន នោះទើបឈ្មោះ មឿន សាម៉ុន មានសិទ្ធិចាត់ចែងលើរថយន្តទាំងនេះបាន។

ប៉ុន្តែឈ្មោះ មឿន សាម៉ុន បង់ប្រាក់ថ្លៃរថយន្តបាន ២ខែ ប៉ុណ្ណោះ ក៏ឈប់បង់រហូត ហើយក្រុមហ៊ុន បានព្យាយាមទំនាក់ទំនងដើម្បីរកដោះស្រាយ ប៉ុន្តែជននេះមិនព្រមចូលសោះ និងបានជួលរថយន្តទាំងអស់ទៅជួលបន្តឲ្យអ្នកដទៃថែមទៀតផង។

សមត្ថកិច្ច បន្ថែមថាឈ្មោះ មឿន សាម៉ុន បានសហការជាមួយឈ្មោះ ហ៊ាង សុងហេង, ឈ្មោះ លាស់ សុវណ្ណ, ឈ្មោះ ជា សុក្រឆាត បានសមគំនិតគ្នាយករថយន្តទាំង ៤គ្រឿង ទៅលក់ឲ្យឈ្មោះ ប៉ក់ សារិន និងប្រពន្ធឈ្មោះ ឌី ស្រីលីន កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ដោយរំលោភលើកិច្ចសន្យាជាមួយក្រុមហ៊ុនលករថយន្ដ។

ក្រុមហ៊ុន និងមេធាវីតំណាងក្រុមហ៊ុន បានទាក់ទងឈ្មោះ ប៉ក់ សារិន និងប្រពន្ធឈ្មោះ ឌី ស្រីលីន ទើបដឹងថា ពួកគាត់ពិតជាបានទិញរថយន្តទាំង ៤គ្រឿង ពីក្រុមជនខាងលើនិងបានបង់ប្រាក់មួយចំនួន រួចហើយទៅឲ្យឈ្មោះ មឿន សាម៉ុន រួមនឹងបក្ខពួកមានឈ្មោះ ហ៊ាង សុងហេង, ឈ្មោះ លាស់ សុវណ្ណ, ឈ្មោះ ជា សុក្រឆាត តាមរយៈកិច្ចព្រមព្រៀងទិញ-លក់រថយន្តរវាង មឿន សាម៉ុន ជាមួយ ប៉ក់ សារិន ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ការទិញរថយន្តទាំងនោះ គឺពួកគាត់ត្រូវបង់រំលោះជារៀងរាល់ខែ ដោយប្រគល់ប្រាក់ឲ្យឈ្មោះ មឿន សាម៉ុន រួមនឹងបក្ខពួក។

អំពើល្មើសច្បាប់របស់ឈ្មោះ មឿន សាម៉ុន និងបក្ខពួក បានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រយោជន៍ជនរងគ្រោះ ដូច្នេះហើយទើបជនរងគ្រោះស្នើសុំឲ្យតុលាការមេត្តាកុំដោះលែងជនជាបចោទរូបនេះ ព្រោះវាអាចបង្កឲ្យខូចប្រយោជន៍របស់របស់ជនរងគ្រោះកាន់តែច្រើនថែមទៀត៕