Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចុះប្រមូលទិញផ្លែមៀនផ្ទាល់

ដោយមានការចង្អុលបង្ហាញផ្តល់អនុសាសន៍ដោយផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា នៅព្រឹកថ្ងៃទី០៣ កញ្ញានេះ បានធ្វើដំណើរចុះមកប្រមូលទិញផ្លែមៀនរបស់ប្រជាពលរដ្ឋកំពុងជួបបញ្ហាខ្វះទីផ្សារ នៅខេត្តបាត់ដំបង និងខេត្តប៉ែលិន។

អ្នកជំនួញវ័យក្មេង អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មានប្រសាសន៍ថា ជាកិត្តិយសដ៏ធំធេងរបស់លោក ដែលបានរួមចំណែកជួយរំលែកការលំបាករបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការចុះមកប្រមូលទិញផ្លែមៀនពីប្រជាពលរដ្ឋនាពេលនេះ។ អ្នកឧកញ៉ា ដែលមានងារជា «ឧកញ៉ាបេះដូងសាគរមនុស្សធម៌» នេះ ក៏បានបង្ហាញនូវក្តីរីករាយក្នុងការជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋផងដែរ។

មានសេចក្តីរាយការណ៍ជាច្រើនបានឲ្យដឹងថា ផ្លែមៀនប៉ៃលិន (តាង៉ែន) របស់ប្រជាពលរដ្ឋស្ថិតនៅក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិនត្រូវជាប់គាំងខ្វះទីផ្សារប្រមាណជាង ៥ម៉ឺនតោននៅក្នុងឆ្នាំ២០២១នេះ ដោយសារតែអាជ្ញាធរប្រទេសថៃបិទការនាំចូល។

កាលពីដើមខែសីហា កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានប្រើថវិកាផ្ទាល់ខ្លួនប្រមូលទិញផ្លែមៀនដែលអាចប្រមូលផលបានម្តងមកហើយទៀត ដើម្បីសម្រួលកុំឱ្យប្រជាពលរដ្ឋជាម្ចាស់ចម្ការមៀនខាតបង់ថវិកាដែលបានវិនិយោគលើការដាំដុះនោះ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្សសម្តេចតេជោ ហ៊ុន សែន បានចុះមកឈរជើងប្រមូលទិញផ្លែមៀននៅក្នុងខេត្តបាត់ដំបងអស់រយៈពេលជិត២០ថ្ងៃ។ ផ្លែមៀនដែលបានប្រមូលទិញ ក៏ត្រូវបានចាត់ចែងដឹកយកជូនមន្ត្រីរាជការនៅតាមក្រសួងស្ថាប័ន តាមខេត្ត ក៏ដូចជាកងកម្លាំង ក្រុមគ្រូពេទ្យ ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក និងព្យាបាលជំងឺកូវីដ១៩ផងដែរ។

ទាក់ទងនឹងយុទ្ធនាការប្រមូលទិញផ្លែមៀនប៉ៃលិននេះដែរ អភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ បានឲ្យដឹងថា ការប្រមូលទិញរយៈពេលជិត២០ថ្ងៃនោះ គឺប្រមូលទិញផ្លែមៀនរបស់ប្រជាពលរដ្ឋបានជិត ២ពាន់តោន។ ការប្រមូលទិញកាលពីជំហ៊ានទី១ មិនទាន់អស់នៅឡើយ និងមានការស្នើសុំពីប្រជាពលរដ្ឋម្ចាស់ចម្ការផងនោះ ទើបរូបលោកបានរាយការណ៍ និងគោរពស្នើសុំសម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីជួយទិញផ្លែមៀនបន្ត។

ទន្ទឹមនឹងនោះ ក្រោយទទួលបានការស្នើសុំនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តំណាងសម្តេចផ្ទាល់ចុះមកប្រមូលទិញផ្លែមៀននៅសេសសល់នេះ ហើយបើតាមការបញ្ជាក់ពីអភិបាលខេត្តបាត់ដំបង ផ្លែមៀនដែលត្រូវប្រមូលទិញបន្តនេះ មានចំនួន៧ចម្ការ។

សូមបញ្ជាក់ថា ការប្រមូលទិញផ្លែមៀននេះ គឺទិញតែពីប្រជាពលរដ្ឋជាម្ចាស់ចម្ការដែលមានជីវភាពខ្សត់ខ្សោយប៉ុណ្ណោះ។ ដោយឡែកម្ចាស់ចម្ការដែលមានជីវភាពធូរធា គឺមិនត្រូវបានប្រមូលទិញនោះឡើយ ហើយមួយវិញទៀត មៀនរបស់អ្នកដែលមានចម្ការធំៗនោះ ក៏មិនទាន់អាចប្រមូលផលបានផងដែរ។

ម្យ៉ាង ការអន្តរាគមន៍នៅពេលនេះរបស់ប្រមុខរាជរដ្ឋាភិបាលនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងទិញផ្លែមៀនពីប្រជាពលរដ្ឋនាពេលនេះ បានជួយរំលែកការខាត់បង់របស់ប្រជាពលរដ្ឋ និងជួយដោះទាល់របស់ពួកគាត់ផងដែរ។ ការអន្តរាគមន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានបង្ហាញឱ្យឃើញនូវកាយយកចិត្តទុកដាក់ និងគិតគូរខ្ពស់របស់សម្តេចតេជោចំពោះប្រជាពលរដ្ឋគ្រប់រូបនៅពេលជួបការលំបាក។ បន្ថែមើលនេះ ការអន្តរាគមន៍នៅពេលនេះ គឺបាននាំមកនូវក្តីរីករាយជាខ្លាំងរបស់ប្រជាពលរដ្ឋជាម្ចាស់ចម្ការមៀន។ ពួកគេបានគោរពថ្លែងអំណរគុណជាអនេកចំពោះក្តីមេត្តា និងការគិតគូររបស់សម្តេចទាំងទ្វេ៕