Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

សម្តេចក្រឡាហោម ស ខេង សង្កត់ធ្ងន់ថា មន្ត្រីនគរបាល ដែលជាប់ក្នុងការប្រឡង ឬការសម្ភាសន៍ចូលបម្រើការងារជាមន្ត្រីនគរបាលជាតិ ត្រូវទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈមូលដ្ឋានសម្រាប់នគរបាលជាតិ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា«មន្ត្រីប៉ូលិសដែលជាប់ក្នុងការប្រឡង ឬបន្ទាប់ពីការសម្ភាសន៍ត្រូវធ្វើការរៀនសូត្រមុខវិជ្ជាមូលដ្ឋានសម្រាប់នគរបាលជាតិ ដែលមានរយៈពេល៤ខែ»។ សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់រថយន្តចំនួន១៩គ្រឿង ជូនវរសេនាតូចការពារព្រំដែនប្រចាំភូមិភាគទី១ ទី២ និងទី៣ នាបរិវេណទីស្តីការអគ្គស្នងការដ្ឋាននគរបាលជាតិ ស្ថិតនៅមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍បញ្ជាក់ថា គ្រប់មន្ត្រីនគរបាលដែលទើបតែជាប់ដោយការប្រឡងក្តី ដោយការសម្ភាសន៍ក្នុងករណីចាំបាច់ណាមួយក្តី ត្រូវតែទទួលបានការបណ្តុះបណ្តាល មុខវិជ្ជាជំនាញរបស់នគរបាលជាតិ។ សម្តេចក្រឡាហោម បន្ថែមថា កាលពីពេលកន្លងទៅការសិក្សារៀនសូត្រត្រូវមានរយៈពេល២ខែកន្លះ ហើយមកដល់ពេលនេះតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃ គឺបន្ថែមឱ្យមានរយៈពេល៤ខែ ក្នុងនោះក្រសួងគ្រោងបន្តពិនិត្យលទ្ធភាពលើផែនការរយៈពេលមធ្យមបង្កើនដល់៦ខែ ហើយផែនការរយៈពេលវែងអាចឈានទៅដល់៨ខែ។

សម្តេចក្រឡាហោម មានប្រសាសន៍លើកឡើងថា ការទទួលបានវគ្គបណ្តុះបណ្តាលជំនាញនេះ ពិតជាមានសារៈសំខាន់ណាស់ដើម្បីពង្រឹងសមត្ថភាព ចំណេះ ជំនាញ ដល់មន្ត្រីនគរបាលជាតិក្នុងការបម្រើប្រជាពលរដ្ឋឱ្យបានល្អ។ ទន្ទឹមនឹងនេះ ក្រសួងមហាផ្ទៃ ក៏បានរៀបចំសាលាបណ្តុះបណ្តាលនគរបាល បើទោះបីជាពេលនេះនៅមិនទាន់មានសាលាគ្រប់គ្រាន់យ៉ាងណាក៏ដោយ។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃក៏នឹងខិតខំបន្ថែមទៀតដើម្បីបញ្ជូនមន្ត្រីនគរបាលជាតិឱ្យទៅសិក្សា ព្រមទាំងដកស្រង់បទពិសោធន៍នៅបណ្តាប្រទេសនានាដែលជាមិត្តផងដែរ។

ឆ្លៀតក្នុងឱកាសនេះដែរ សម្តេចក្រឡាហោម ស ខេ ក៏បានលើកឡើងពីចំណុចសំខាន់ដែលក្រសួងមហាផ្ទៃត្រូវពង្រឹងគុណភាពដល់មន្ត្រីដែលមានស្រាប់ និងមន្ត្រីដែលជ្រើសរើសបន្ថែម មន្ត្រីទាំងអស់ត្រូវតែជានគរបាលជាតិដែលមានសមត្ថភាពពេញលេញ មានសុខភាពល្អប្រសើរ មានឆន្ទៈ មានទឹកចិត្តស្នេហាជាតិ ស្នេហាប្រជាពលរដ្ឋ បម្រើប្រជាពលរដ្ឋប្រកបដោយវិជ្ជាជីវៈច្បាស់លាស់៕