លួចកាច់កម៉ូតូបានសម្រេចរួចជិះគេចម្ចាស់ដេញតាម ទាន់ដកកាំភ្លើងខ្លីបាញ់២គ្រាប់
ភ្នំពេញ៖ ជនសង្ស័យ២នាក់ដកកាំភ្លើងខ្លីបាញ់២គ្រាប់ គំរាមម្ចាស់ម៉ូតូ បន្ទាប់ពីពួកគេធ្វើសកម្មភាពកាច់កម៉ូតូនៅម្ដុំផ្លូវ៥៩៨ បានសម្រេចរួចជិះគេចខ្លួន តែត្រូវម្ចាស់ដេញតាមទាន់ក៏ដកកាំភ្លើងបាញ់ សំណាងមិនមានអ្នក រងរបួស ៖ ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងកាល ពីវេលាម៉ោង១០នឹង២០នាទី ព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចស្ថានីយ៍ប្រេងឥន្នៈPTT ភូមិទួលសំពៅផ្លូវ១០៧សង្កាត់ទួល សង្កែ១ ខណ្ឌឫស្សី កែវ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ គង់ គីម ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមន្ត្រីរាជការ ស្នាក់នៅភូមិពោងពាយ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ម៉ូតូដែលចោរកាច់សោ-កនោះម៉ាក ហុងដាឌ្រីមសង់ សេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BX-1073 យកបានមកវិញ ។
បើតាមសម្ដី ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើត ហេតុ ជនសង្ស័យ២នាក់ បានជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកមកធ្វើសកម្មភាពចូលទៅកាច់កម៉ូតូរបស់គាត់ក្នុងផ្ទះនៅតាមបណ្ដោយផ្លូវ៥៩៨ ( ផ្លូវជាសុផារ៉ា )ម្ដុំស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៣ ភូមិពោងពាយសង្កាត់ ទួលសង្កែ២ ខណ្ឌឫស្សីកែវ រួចបានជិះចេញភ្លាមៗរូបគាត់បានឃើញនិងដេញតាមខណៈមកដល់ចំណុចកើតហេតុក៏ប្រទះឃើញម៉ូតូរបស់ខ្លួននិងជនសង្ស័យ កំពុងអង្គុយលើម៉ូតូនៅក្បែរស្ថានីយ៍ប្រេង PTT ជិតផ្សារសាំហាន់ ក៏ស្រែកឆោឡោឲ្យគេឯងជួយ ។
ជនរងគ្រោះបានបន្តទៀតថា ពេលនោះរូបគាត់បាន ដើរសំដៅទៅជិតម៉ូតូ ស្រាប់តែជនសង្ស័យម្នាក់ទៀត បានស្រែកថាឯងកុំដើរចូលមកប្រយ័ត្នអញ់បាញ់ភ្លាមៗ ជនសង្ស័យម្នាក់បានដកកាំភ្លើងបាញ់១គ្រាប់តែខុសហើយរត់ឡើងជិះម៉ូតូបក្ខពួកគេដើម្បីគេចខ្លួន ក៏បាញ់ ១គ្រាប់បន្ថែមទៀត ទើបជនសង្ស័យជិះគេចចេញពីកន្លែងកើតហេតុបាត់បន្សល់ទុកសំបកគ្រាប់កាំភ្លើងខ្លីម៉ាកកា៥៩ចំនួន២ តែទោះជាយ៉ាងនៅក្នុងហេតុការ នេះ មិនមានអ្នករងរបួសនោះទេ ។
ក្រោយកើតហេតុកម្លាំងនគរបាលមូលដ្ឋាន និងកម្លាំងកងរាជអាវុធហត្ថមូលដ្ឋាន បានចេញជួយអន្ដរាគមន៍ ដើម្បីស្រាវជ្រាវរកក្រុមជនសង្ស័យផងដែរ៕