Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

លោកចៅក្រម សុង ប៊ុណ្ណារិទ្ធិ សម្រេចដោះលែងបុរសម្នាក់ជាបណ្ដោះអាសន្នក្នុងសំណុំរឿងរំលោភកុមារី

(ភ្នំពេញ)៖ លោក សុង ប៊ុណ្ណារិទ្ធិ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញ ត្រូវគេរាយការណ៍ថាបានសម្រេចដោះលែងជនត្រូវចោទម្នាក់ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ។

លោក សុង ប៊ុណ្ណារិទ្ធិ បានសម្រេចដាក់ជនត្រូវចោទឈ្មោះ ជា សុជាតិ ហៅ សុខុម ភេទប្រុស អាយុ ៦៧ឆ្នាំ ឱ្យនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ (មិនឃុំខ្លួនបណ្ដោះអាសន្ន) បន្ទាប់ពីលោកព្រះរាជអាជ្ញារង ម៉ុត ដារ៉ា ជាតំណាងអយ្យការបានបើកការស៊ើបសួរ និងសម្រេចចោទប្រកាន់លើជនល្មើសពីបទ រំលោភសេពសន្ថវៈ ប្រព្រឹតកាលពីអំឡុងខែមករា ឆ្នាំ២០២០ នៅចំណុចភូមិព្រៃខ្លា ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ យោងតាមមាត្រា ២៣៩នៃក្រមព្រហ្មទណ្ឌ។

ជុំវិញការដោះលែង ជនត្រូវចោទឈ្មោះ ជា សុជាតិ ហៅ សុខុម នេះលោកព្រះរាជអាជ្ញារង ប្លង់ សុផល អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់អ្នកសារព័ត៌មានថា លោកមិនទាន់ទទួលបានព័ត៌មានស្តីពីការប្ដឹងឧទ្ធរណ៍ពីសំណាក់តំណាងអយ្យការកាន់សំណុំរឿង លើសេចក្តីសម្រេចរបស់ចៅក្រមស៊ើបសួរនៅឡើយទេ។

គួររម្លឹកថា ជនត្រូវចោទឈ្មោះ ជា សុជាតិ ហៅ សុខុម ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ពាក់ព័ន្ធបទល្មើសខាងលើ ដោយយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ៕