Monday, November 25, 2024
Latest:
ព័ត៌មាន​ជាតិ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ វត្តអារាមជាទីកន្លែងសម្រាប់បណ្តុះ នូវបញ្ញាញ្ញាណ និងជាថ្នាលសម្រាប់បណ្តុះគ្រាប់ពូជបញ្ញវ័ន្ត

ខេត្តស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យពុទ្ធាភិសេកព្រះពុទ្ធបរមគ្រូអភយមុទ្ទ មហាតេជោ និងសម្ពោធ មហាកុដិ រួមជាមួយ សមិទ្ធិផលនានា នៅវត្ដពោធិបន្ទាយ ស្ថិតក្នុងឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ព្រឹកថ្ងៃសៅរ៍ ៦កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើរ និងសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្កពិធីទាំងមូលដោយក្តឺនឹករលឹក និងការគិតគូរអំពីសុខទុក្ខដល់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។

លោកជំទាវក៏បានមានប្រសាសន៍ថា « ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងមន្ដ្រីថ្នាក់ដឹកនាំផ្សេងទៀត របស់គណបក្សប្រជាជនកម្ពុជា ដែលបាននាំមកនូវសុខសន្ដិភាពជូនប្រទេសជាតិ ដែលបានផ្តល់ឱកាសឲ្យបងប្អូនទាំងអស់គ្នាអាចប្រារព្ធពិធីព្រះពុទ្ធសាសនា តាមទំនៀមទម្លាប់បែបប្រពៃណីសាសនារបស់ជាតិ ។ សមិទ្ធិផលដែលបានពុទ្ធាភិសេក និងសម្ពោធដាក់ឲ្យប្រើប្រាស់នៅក្នុវត្តពោធិ៍បន្ទាយនាពេលនេះ គឺបាន មកពីទឹកចិត្ត និងសទ្ធាជ្រះថ្លារបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គមេបញ្ជាការរងកងយោធពលខេមរៈភូមិន្ទ និងលោកជំទាវ ហៅ ច័ន្ទសិរីទេពី ព្រមទាំងក្រុមគ្រួសារ និងសប្បុរសជនដែលបានចំណាយថវិកាអស់ ៥៧១.៥៦៥$ ក្នុងការកសាង ។ មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តម និងលោកជំទាវ ក៏បានចូលរួមចំណែកយ៉ាងច្រើនក្នុងការកសាងសមទ្ធិផលនានាជាច្រើនទាំងក្នុងវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ខេត្តស្វាយរៀងផងដែរ ។

លោកជំទាវក៏បានបន្តទៀតថា ព្រះពុទ្ធសាសនា និងទីវត្តអារាម មិនគ្រាន់ តែ ជាទីសក្ការៈបូជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទីកន្លែងសម្រាប់បណ្តុះ នូវបញ្ញាញ្ញាណ និងជា ថ្នាលសម្រាប់បណ្តុះគ្រាប់ពូជបញ្ញវ័ន្ត សម្រាប់ការកសាងជាតិ ក្នុងគ្រប់វិស័យផងដែរ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងចូលរួមថែរក្សា នូវសមិទ្ធិផល ដែលយើងបានសម្ពោធក្នុងថ្ងៃនេះឲ្យ បានគង់វង្ស ឋិតស្ថេរ ដើម្បីទុកជាទីសក្ការៈ និងជាទីកន្លែងគោរពប្រត្តិបត្តិផ្នែកសាសនា ជាពិសេស អនុវត្តវិធានការណ៍ ៣ការពារ៣កុំ ឲ្យបានទាំងអស់គ្នា ៕