នគរបាលខណ្ខដង្កោឃាត់ខ្លួនជនសង្ស័យម្នាក់ដែលប៉ុនប៉ង លួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាល ខណ្ឌដង្កោ ធ្វេីការឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យ បានធ្វេីសកម្មភាព ប៉ុនប៉ងលួចកាច់សោរម៉ូតូរបស់ប្រជាពលរដ្ឋតែមិនបានសម្រេច ៖ ហេតុការណ៍ឃាត់ខ្លួននេះបានធ្វេីឡេីងកាលពីថ្ងៃទី១១ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០៣ និង៣០នាទី ទាបភ្លឺ ត្រង់ចំណុចផ្ទះជួល ផ្លូវបេតុង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ នុង រដ្ឋា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ផ្ទះជួល ភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានបន្តថា មុននិងឈានដល់ការឃាត់ខ្លួនជនសង្ស័យ គឺកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ បានជិះម៉ូតូល្បាតក្នុងមូលដ្ឋានសង្កាត់ដង្កោ លុះមកដល់ត្រង់ចំណុចផ្ទះជួល ផ្លូវបេតុង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានឃើញជនសង្ស័យឈ្មោះ នុង រដ្ឋា កំពុងដើរចូលក្នុងបរិវេណផ្ទះជួលរបស់ប្រជាពលរដ្ឋ។ ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ច ក៍បានឃាត់ខ្លួនជនសង្ស័យសួរនាំ និងឆែកឆេររកឃើញវត្ថុតាងប្រព្រឹត្តបទល្មើសមួយចំនួន ទី១/ដែកជ្រុងសំប៉ែតចុងស្រួចស្រាប់កាច់សោរម៉ូតូចំនួន០១, ២/សោរខ្សៀលេខ៨ចំនួន០១, ៣/កូនសោរម៉ូតូចំនួន០១ នៅក្នុងហោប៉ៅ ភ្លាមៗនោះសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ តាមនីតិវិធីច្បាប់ ។
សមត្ថកិច្ចបន្តទៀតថា ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពប្រើដែកជ្រុងចុងសំប៉ែត ប៉ុនប៉ងលួចកាច់សោរម៉ូតូរបស់ប្រជាពលរដ្ឋប្រាកដមែន ហើយកន្លងមកខ្លួនធ្លាប់បានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញបានសម្រេច ចំនួន០៣លើករួចមកហើយ ។
បច្ចប្បន្ន ជនសង្ស័យរួមនិងវត្ថតាងត្រូវបានសមត្ថកិច្ចបញ្ជួនមកឃុំខ្លួនបណ្ដោះអាសន្ននៅអធិការនគរបាលខណ្ឌដង្កោ ដេីម្បីកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធីច្បាប់៕