ផ្អេីលស្ត្រីម្នាក់សម្រាលកូនត្រូវពស់ពាំកូនយកទៅបាត់តាមពិតជារឿងប្រឌិតសោះ
ស្វាយរៀង)៖ រឿងស្ត្រីម្នាក់សម្រាលកូនពស់ពាំកូនទៅបាត់ បង្កការភ្ញាក់ផ្អេីល នៅភូមិរមាំងថ្កោល ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង គឺជារឿងមិនពិត នេះបេីតាមការបញ្ជាក់របស់គ្រូពេទ្យ បានឲ្យដឹងថា ស្ដ្រីដែលបង្កើតរឿងឲ្យមានការភ្ញាក់ផ្អើលនោះ មិនមានផ្ទៃពោះនោះឡើយ។
អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា បន្ទាប់ពីផ្អើលករណីពស់ពាំកូននោះ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ អាជ្ញាធរសមត្ថកិច្ច និងមន្ដ្រីសុខាភិបាល បានចុះទៅសួរនាំដោយផ្ទាល់ជាមួយស្ដ្រីឈ្មោះ សេង រតនា ទើបដឹងរឿងរ៉ាវច្បាស់ថា ស្ដ្រីរូបនេះប្រឌិតរឿងឡើងដោយខ្លួនឯងតែប៉ុណ្ណោះ។
អាជ្ញាធរនិងសមត្ថកិច្ចបានឲ្យដឹងថា ក្រោយការសិក្សាតាមវិទ្យាសាស្រ្តគ្រូពេទ្យ គឺស្រ្តីម្នាក់នេះមិនមានផ្ទៃពោះនោះទេ។ ពោល គឺការពិនិត្យអេកូនៅមន្ទីរពេទ្យបង្អែកស្វាយទាប នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ របស់លោកវេជ្ជបណ្ឌិត សរ សុខចំរើន គឺមិនមានផ្ទៃពោះទេ, ពិនិត្យ អេកូនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២របស់លោក វេជ្ជបណ្ឌិត ចាន់ ថន គឺមិនមានផ្ទៃពោះទេ មិនត្រឹមតែប៉ុណ្ណោះ ឈ្មោះ សេង រតនា បានសុំឲ្យលោកវេជ្ជ ចាន់ ថន ជួយបញ្ជាក់ថា មានផ្ទៃពោះថែមទៀតផង តែលោកវេជ្ជបណ្ឌិតមិនធ្វើតាមសំណូមពរនោះទេ ហើយនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ ការពិនិត្យរបស់គ្រូពេទ្យនៅមន្ទីរពេទ្យខេត្តស្វាយរៀង ក៏បញ្ជាក់ថាគ្មានផ្ទៃពោះនោះដែរ។
ទោះជាយ៉ាងណា សម្រាប់មូលហេតុ ដែលនាំឲ្យស្ដ្រីរូបននោះប្រឌិតរឿងបង្កឲ្យមានការភ្ញាក់ផ្អើលនេះសមត្ថកិច្ច និងអាជ្ញាធរមិនទាន់បញ្ជាក់ឲ្យដឹងការពិតនៅឡើយទេ បានត្រឹមបន្សល់ទុកចម្ងល់អោយមហាជនឆ្ងល់ ។
ស្ដ្រីដែលធ្វេីរឿងប្រឌិតផ្អេីលពេញប្រទេសមានឈ្មោះ សេង រតនា ហៅស្រីហ៊ុច អាយុ២៨ឆ្នាំ មុខរបរ កម្មការិនី រោងចក្រ បានប្រឌិតរឿងថា ខ្លួនទើបសម្រាលកូន តែត្រូវសត្វពស់ដ៏ធំមកពាំយកទៅបាត់ ធ្វើឲ្យនាងភ័យតក់ស្លុតដួលសន្លប់នៅកន្លែងកើតហេតុ។ បន្ទាប់មករឿងរ៉ាវនេះបានបង្កការភ្ញាក់ផ្អើលតាមបណ្ដាញសង្គម រហូតដល់សមត្ថកិច្ចចុះស្រាវជ្រាវ ទើបដឹងការពិតថា ជារឿងប្រឌិត ៕