Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ឧបត្ថម្ភទុនដល់បុរសកំសត់ខ្វេរដៃជើងមួយចំហៀងម្នាក់ ដើម្បីប្រកបរបរចិញ្ចឹមជីវិត!

លោក អ៊ុយ ចន្នី អាយុ ២៩ឆ្នាំ ធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមានពិការភាព ដៃជើងមួយចំហៀង ក្លាយទៅជាខ្វេរ បាត់បងសមត្ថភាពការងារអស់ពាក់កណ្តាល រស់នៅក្នុងផ្ទះជួល ពីរនាក់ប្រពន្ធ ស្ថិតនៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ កន្លងមកបុរសរូបនេះ ធ្លាប់ត្រូវបានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជួយឧបត្ថម្ភអំណោយជាបន្តបន្ទាប់ រួមមាន៖ សម្ភារៈ ថវិកា គ្រឿងឧបភោគបរិភោគ កង់១គ្រឿង និង ម៉ូតូ០១គ្រឿង សម្រាប់ជួយសម្រួលដល់ជីវភាពរស់នៅនិងការបំពេញការងារ។ តែដោយសារមានពិការភាព សមត្ថភាពការងារទន់ខ្សោយ ធ្វើឲ្យជីវភាពនៅតែលំបាកជួបការខ្វះខាត ប្អូនប្រុស អ៊ុយ ចន្នី បានស្នើសុំថវិកាចំនួន ៥៤ម៉ឺនរៀល ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សម្រាប់ធ្វើដើមទុនក្នុងការបើកមុខរបរលក់ភេសជ្ជៈតូចមួយ។

ដោយមានការអាណិតអាសូរ និងសម្រេចតាមការស្នើសុំរបស់ប្អូនប្រុស នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានរៀបចំក្រុមការងារ ប្រគល់ថវិកាចំនួន ១,០០០,០០០៛ (មួយលានរៀល) ដើម្បីសម្រួលដល់ជីវភាពគ្រួសារប្អូនប្រុស អ៊ុយ ចន្នី និងជាការចែករំលែកជួយអ្នកដែលចេះតស៊ូពិតប្រាដក្នុងគ្រាលំបាក៕