Wow!! បុរសពិការ ផ្តល់ដីចំការតម្លៃជាង ៤០០០ដុល្លារ ឲ្យអ្នកស្រី សឿ សុធារ៉ា និងកូនស្រី
ភ្នំពេញ៖ ក្រោយជួបព្យុះភ្លៀងរង់ទុក្ខលំបាកជាច្រើនរាប់មិនអស់ ស្រាប់តែអតីតតារាសម្ដែងស្រីដ៏ល្បីឈ្មោះ អ្នកនាង សឿ សុធារ៉ា និងកូនស្រី បានទទួលនូវកាដូដីចំការដូងមួយកន្លែង ដែរមានទទឹង១០ម៉ែត្រ បណ្ដោយ ៣០ម៉ែត្រ ពីលោក ហ៊ិន រស់ អគ្គនាយកក្រុមហ៊ុន ភូមិចំការដូងរីសត ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្រែក្រៅ ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ថ្លែងក្នុងពិធីប្រគល់ដី និងប្លង់ដី ដល់អ្នកស្រីសឿ សុធារ៉ា និងកូនស្រី លោក ហ៊ិន រស់ អគ្គនាយកក្រុមហ៊ុន ភូមិចំការដូងរីសត បានឲ្យដឹងថាដោយសារតែលោកបានឃេីញក្មួយស្រី សាពូន ដារ៉ាពិមាន ដែរត្រូវជាកូនស្រីបង្កើតអ្នកនាងសឿ សុធារ៉ា ច្រៀងចម្រៀងរបស់ឪពុកក្មួយស្រីដែរមានចំណងជើងថា”ពុកអេីយ ម៉ែអើយ” ខណៈដែរម្ដាយក្មួយកំពុងតែជួបបញ្ហាធំ ហើយវាជាសាច់រឿងមួយ ដែរប្រហាក់ប្រហែល នឹងខ្សែជីវិតលោកកន្លងមកដែរធ្លាប់ជួបការលំបាកឥតគណនា។
ម្ចាស់ចំការដូងរីសតដដែល បានបន្ដថាការផ្តល់នូវការដូរដីចំការនេះ ចង់បង្ហាញពីការលេីកទឹកចិត្ត កម្លាំងចិត្ត ដល់បងស្រីនិងក្មួយឲ្យខិតខំប្រឹងប្រែងបន្ថែមទៀត កុំចុះចាញ់និងការលំបាកទាំងអស់នេះ លោកបន្ថែមថាវាសនាមនុស្សមេីលមិនឃេីញទេ ហើយក៏មិនមានការជោគជ័យណាដោយគ្មានការខិតខំប្រឹងប្រែងនោះដែរ លោកបានសង្កត់ធ្ងន់ថាកុំបាក់ទឹកចិត្តត្រូវតែខិតខំប្រឹងប្រែងបន្តទៀត។
លោក ហ៊ិន រស់ បានចែករំលែកនូវបទពិសោធន៍ល្អៗ ដល់អ្នកនាង សឿ សុធារ៉ា ថាទោះបីជាលោកជាមនុស្សពិការពិតមែន តែលោកមិនដែរចុះចាញ់និងព្រេងវាសនានោះទេ លោកមុនឈានមកដល់ចំណុចនេះ លោកបានលះបង់គ្រប់បែបយ៉ាងទាំងពេលវេលា ទាំងកម្លាំងកាយ កម្លាំងចិត្ត និងមានការជ្រោមជ្រែងពីភរិយា ព្រមទាំងក្រុមការងាររបស់លោកជាច្រើននាក់ទៀត ខណៈដែរលោកស្រីនៅមានកូនស្រីជាស្រលាញ់ និងមិត្តភ័ក្ដិ បងប្អូនទាំងក្នុងនិងក្រៅសិល្បៈក៏កំពុងលេីកទឹកចិត្ត និងផ្តល់កម្លាំងចិត្តដល់លោកស្រីដូចគ្នា។
ឆ្លៀតក្នុងឱកាសនោះដែរ ម្ចាស់ចំការដូងរីសត រូបនោះក៏សំណូមពរដល់សប្បុរសជនផ្សេងៗទៀតដែរមានធនធាន និងលទ្ធភាពគួរតែជួយគ្នាទៅវិញទៅមក នៅពេលលំបាកក្នុងនាមជាឈាមជ័រខ្មែរតែមួយ ពិសេសក្មួយស្រី សាពូន ដារ៉ាពិមាន ត្រូវជាកូនស្រីបង្កើតអ្នកនាង សឿ សុធារ៉ា អាចផ្តល់ជាអាហារូបករណ៍ដល់គាត់ ខណៈវ័យក្មួយកំពុងតែត្រូវការសិក្សា។
ក្នុងពេលទទួល កូនសោរ និងប្លង់ដីចំការដូង ពីម្ចាស់ចំការដូងរីសត អ្នកនាងសឿ សុធារ៉ា និងកូនស្រី លេីកម្រាមដៃដប់សំពះទាំងទឹកចិត្តត្រេកអរឥតឧបមា ដោយបានពោលពាក្យថា អរគុណបងណាស់ បេីទោះបីបងជាមនុស្សពិការពិតមែនតែចិត្តបងមិនពិការនោះទេ បងជាមនុស្សម្នាក់ដែរគួរឲ្យគោរពស្រឡាញ់ និងយកគំរូតាម។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ អ្នកនាងសឿ សុធារ៉ា បានជួបទុក្ខធំ ដោយសារអ្នកម្ដាយជាទីគោរពស្រលាញ់ស្មើជីវិយបានទទួលមរណភាព លាចាកឆ្ងាយគ្មានថ្ងៃវិលត្រឡប់ ខណៈអ្នកនាងក៏មានកើតជំងឺសតិមិននឹងនរអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ហើយជាប្រចាំថ្ងៃ អ្នកនាងក៏ត្រូវលេបថ្នាំតាមការណែនាំជានិច្ចផងដែរ។ ចំណែករឿងដែលលំបាកបំផុតនោះ គឺបច្ចុប្បន្នអ្នកនាងជួបបញ្ហាហិរញ្ញវត្ថុជាខ្លាំងផងដែរ៕