ម្ចាស់កសិដ្ឋាន ចិញ្ចឹមមាន់ នៅក្បែរសាលារៀន និងវត្តទួលសុរភី បញ្ជាឱ្យអាជ្ញាធរមូលដ្ឋានហិតអាចម៍មាន់ក្នុងកសិដ្ឋាន និងបញ្ជាឱ្យរកមុខអ្នកប្ដឹងរឿងជះក្លិនស្អុយ
(កំពង់ស្ពឺ)៖ បន្ទាប់ពីមានសេចក្តីរាយការណ៍ ករណីកសិដ្ឋានចិញ្ចឹមមាន់យកពង ស្ថិតនៅក្នុងភូមិត្រពាំងឈូក សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ មានចំងាយប្រមាណ ៤០០ ទៅ ៥០០ម៉ែត្រ ពីភូមិឋានអ្នកស្រុក សាលារៀន និងវត្តអារាម បង្កក្លិនស្អុយលើប្រជាពលរដ្ឋ សិស្សានុសិស្ស និងព្រះសង្ឃ ភ្លាមៗនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣នេះ មន្ត្រីមូលដ្ឋានបានចុះទៅពិនិត្យដល់កសិដ្ឋាន។
នៅពេលអាជ្ញាធរមូលដ្ឋានចុះទៅដល់ទីតាំងកសិដ្ឋាន ស្រាប់តែម្ចាស់កសិដ្ឋានដែលសូម្បីតែអាជ្ញាធរក៏មិនស្គាល់ឈ្មោះ និងមុខផង បានបញ្ជាឱ្យកូនចៅប្រាប់ទៅអាជ្ញាធរឱ្យដើរហិតអាចម៍មាន់ ដើម្បីរកកន្លែងស្អុយ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីមូលដ្ឋានម្នាក់ដែលបានចុះទៅដល់ទីតាំងកសិដ្ឋាន។
មន្ត្រីដដែល បានចាត់ទុកការបញ្ជាឱ្យមន្ត្រីមូលដ្ឋានដើរហិតអាចម៍មាន់ ពីសំណាក់ម្ចាស់កសិដ្ឋាន ជាការប្រមាថមាក់ងាយលើពួកគាត់យ៉ាងធ្ងន់ធ្ងរ និងប្រមាថលើការអនុវត្តនៅគោលនយោបាយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់ចំពោះទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដោយហេតុថា ពួកគាត់ចុះទៅពិនិត្យដល់ទីតាំងគឺដោយសារតែទីតាំងនោះបានបង្កបញ្ហាដល់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងព្រះសង្ឃក្នុងមូលដ្ឋាន។
ក្រុមមន្ត្រីមូលដ្ឋាន បានចុះទៅពិនិត្យ និងអញ្ជើញម្ចាស់កសិដ្ឋានខាងលើឱ្យទៅដោះស្រាយបញ្ហានេះ នៅសាលាសង្កាត់ បែរជាម្ចាស់កសិដ្ឋានប្រើពាក្យសម្ដីប្រមាថមាក់ងាយ និងគំរាមកំហែងសួររកមុខអ្នកប្ដឹងទៅវិញ។
មន្ត្រីមូលដ្ឋាន ក៏សូមសំណូមពរដល់ថ្នាក់លើមេត្តាចាត់វិធានការបិទកសិដ្ឋានចិញ្ចឹមមាន់យកពងនេះចោល ដើម្បីកុំឱ្យបង្កបញ្ហាដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទ្ធបន្តទៅទៀត។
សូមជម្រាបជូនថា បញ្ហាជះក្លិនស្អុយពីកសិដ្ឋានខាងលើនេះ ត្រូវបានប្រជាពលរដ្ឋដែលរស់នៅជុំវិញនោះ រអ៊ូរទាំ និងរហូតដល់បង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ដើម្បីឱ្យអាជ្ញាធរ មានចំណាត់ការដោះស្រាយជូនពួកគាត់។
កសិដ្ឋាន ចិញ្ចឹមមាន់យកពងជាច្រើនរោងខាងលើ បានសាងសង់នៅក្នុងព្រុំប្រទល់រវាងភូមិត្រពាំងឈូក ភូមិប្រវឹកពង និងភូមិអង្គ្រង បានបង្កបញ្ហាក្លិនស្អុយរាប់សិបឆ្នាំទៅហើយ ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិប្រវឹកពង ភូមិអង្គ្រង រាប់រយគ្រួសារ ព្រមទាំងប៉ះពាល់ដល់ការសិក្សារបស់សិស្សានុសិស្សនៅក្នុងសាលាបឋមសិក្សា និងអនុវិទ្យាល័យទួលសុរភី ដែលនៅក្បែរនោះរាប់រយនាក់។
ជាមួយគ្នានោះ ក្លិនស្អុយពីកសិដ្ឋានខាងលើ ក៏កំពុងតែបង្កបញ្ហាដល់ការគង់នៅរបស់ព្រះសង្ឃក្នុងវត្តទួលសុរភី និងប្រជាពុទ្ធបរិស័ទ្ធ ជាច្រើនអង្គនាក់ផងដែរ។ ដែលបញ្ហានេះ ទាំងប្រជាពលរដ្ឋ ព្រះសង្ឃ និងសិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ បានទទូចស្នើសុំឱ្យមានការប្ដូរទីតាំងកសិដ្ឋាននោះចេញ ដើម្បីបញ្ចៀស និងបញ្ចប់បញ្ហាដែលតែងតែកើតមាន រាប់សិបឆ្នាំមកនោះ។
ចំពោះបញ្ហានេះ លោក ហង់ ហៃ មេភូមិត្រពាំងឈូក បានថ្លែងថា រោងមាន់ខាងលើស្ថិតនៅក្នុងដែនដីរបស់ភូមិត្រពាំងឈូករបស់លោកមែន ហើយលោកក៏ទទួលស្គាល់ថា បានបង្កផលប៉ះពាល់ក្លិនស្អុយដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស និងវត្តអារាមដែល ប៉ុន្តែគ្មានអ្នកណាហ៊ាននិយាយ ឬហ៊ានប្ដឹងទេ ព្រោះខ្លាចអំណាចរបស់ម្ចាស់ទីតាំងរោងមាន់។
លោកមេភូមិដដែល បន្ដថា កន្លងមកលោកធ្លាប់បានរាយការណ៍ទៅថ្នាក់លើឱ្យចុះមកដោះស្រាយ ករណីកសិដ្ឋានចិញ្ចឹមមាន់ខាងលើបោះចោលមាន់ងាប់តាមអូរ បង្កជាក្លិនស្អុយ ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ម្ដងដែរ។ ប៉ុន្តែបញ្ហាក្លិនស្អុយនេះ គឺមានយូរឆ្នាំមកហើយមិនមានដំណោះស្រាយអ្វីនោះទេ សូម្បីតែការដឹកអាចម៍មាន់ចេញពីកសិដ្ឋានកាត់តាមភូមិក៏បានហូរទឹក ប្រឡាក់ផ្លូវបង្កក្លិនស្អុយពេញភូមិស្រុក ប៉ះពាល់ការរស់នៅរបស់ប្រជាពលរដ្ឋដែរ ប៉ុន្តែប្រជាពលរដ្ឋ គ្មានជម្រើសអ្វីក្រៅតែពីទ្រាំ ព្រោះមិនហ៊ានប៉ះពាល់គេ។
លោក វ៉ាន់ នន់ តំណាងគណៈកម្មការទ្រទ្រង់សាលាបឋមសិក្សា និងអនុវិទ្យាល័យទួលសុរភី បានបញ្ជាក់ថា កន្លងមកលោកធ្លាប់បានរាយការណ៍បញ្ហានេះ ជូនថ្នាក់សង្កាត់ជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែដូចជាមិនឃើញចំណាត់ការអ្វីទាំងអស់ រហូតមកដល់ពេលនេះ។
លោក សុខ ប្រាសាក់ នាយកសាលាវិទ្យាល័យ ទួលសុរភី បានថ្លែងថា បញ្ហាក្លិនស្អុយនេះ គឺកំពុងបង្កផលប៉ះពាល់ដល់ការសិក្សារបស់សិស្សានុសិស្សជាខ្លាំង ជាពិសេសនៅរដូវភ្លៀងធ្លាក់នេះ។
លោកនាយកបន្ដថា កន្លងមកលោកធ្លាប់បានជម្រាបបញ្ហានេះ ទៅសហគមន៍ទ្រទ្រង់សាលាដែរ ប៉ុន្តែពុំមានការដោះស្រាយអ្វីនោះទេ។ ដូច្នេះលោកនាយក សូមសំណូមពរដល់អាជ្ញាធរថ្នាក់លើ សូមចាត់វិធានការលើទីតាំងរោងមាន់នេះផង ដើម្បីជួយដល់សហគមន៍ដែលនេះជុំវិញ និងជាពិសេសគឺសិស្សានុសិស្សដែលកំពុងសិក្សានៅក្នុងសាលា។
ព្រះគុណម្ចាស់ ឌុល ម៉ាច ព្រះគ្រូចៅអធិការវត្តទួលសុរភី បានមានសង្ឃដីកាថា បញ្ហាក្លិនស្អុយជះពីរោងមាន់ខាងលើនេះ មានមកជាយូរឆ្នាំហើយ ប៉ុន្ដែពុំទាន់មានអាជ្ញាធរណាចុះមកពិនិត្យ និងដោះស្រាយនោះឡើយទេ។ រាល់ថ្ងៃក្លិនស្អុយនេះ បានបង្កជាបញ្ហារំខានដល់ការស្នាក់នៅ ការសិក្សារបស់ព្រះសង្ឃជាខ្លាំង និងជាពិសេសនៅពេលឆាន់ចង្ហាន់គឺពិបាកណាស់។
ព្រះអង្គ មានសង្ឃដីកាបន្ថែមថា ក្លិនស្អុយនេះ បានបង្កឱ្យមានផលប៉ះពាល់ដល់ប្រជាពុទ្ធបរិស័ទ្ធ ចំណុះជើងវត្តថែមទៀតផង នៅពេលពួកគាត់យកចង្ហាន់មកប្រគេនព្រះសង្ឃនៅថ្ងៃសីល គឺពិបាកទ្រាំនឹងក្លិនស្អុយចេញពីរោងមាន់នោះ។
ព្រះគុណម្ចាស់ ឌុល ម៉ាច បានស្នើឱ្យអាជ្ញាធរជំនាញចុះមកពិនិត្យ និងបើអាចគួរតែសុំឱ្យមានការប្ដូរទីតាំងរោងមាន់នោះ ចេញពីតំបន់ដែលនៅកៀកនឹងសហគមន៍ សាលារៀន និងវត្តអារាម ព្រោះបញ្ហាក្លិនស្អុយនេះ វាបានបង្កផលអាក្រក់ទាំងសុខភាពរបស់ប្រជាពលរដ្ឋ ព្រះសង្ឃ និងសិស្សានុសិស្ស។
ជុំវិញករណីនេះ លោក ទឹម សារូ ចៅសង្កាត់ព្រះស្រែ បានបញ្ជាក់ថា កន្លងមកលោកពុំដែលបានទទួលរបាយការណ៍ ឬបណ្ដឹងរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធករណីកសិដ្ឋានចិញ្ចឹមមាន់ខាងលើ ដែលបានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋនោះទេ។
លោកចៅសង្កាត់ បន្ថែមថា លោកក៏មិនដែលស្គាល់ឈ្មោះម្ចាស់កសិដ្ឋានខាងលើនោះដែរ ហើយលោកកំពុងចាត់មន្ត្រីថ្នាក់ភូមិឱ្យទៅសាកសួរ និងអញ្ជើញម្ចាស់ទីតាំង ទៅដោះស្រាយនៅសាលាសង្កាត់ ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។
ជុំវិញបញ្ហាក្លិនស្អុយពីរោងមាន់ខាងលើនេះ មន្ត្រីជាន់ខ្ពង់សាលាក្រុងឧដុង្គម៉ែជ័យ បានបញ្ជាក់ថា ប្រជាពលរដ្ឋគួរនាំគ្នាផ្ដិតមេដៃប្ដឹងទៅសាលាក្រុង ដើម្បីឱ្យសាលាក្រុងមានមូលដ្ឋានចុះទៅដោះស្រាយជូន។
ពលរដ្ឋ សិស្សានុសិស្ស ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទ្ធ សង្ឃឹមថា អាជ្ញាធរជំនាញ និងអាជ្ញាធរមូលដ្ឋាននឹងយកសំណើ និងទុក្ខលំបាករបស់ពួកគាត់ទៅដោះស្រាយប្រកបដោយការទទួលខុសត្រូវ ដើម្បកុំឱ្យពួកគាត់រស់នៅក្នុងស្ថានភាពអាក្រក់បែបនេះបន្តទៅទៀត៕