Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

មុខសញ្ញាចោរកាច់សោរ.កម៉ូតូ ២នាក់ជាជនជាតិវៀតណាម ត្រូវបានសមត្ថកិច្ច ចាប់វាយខ្នោះ

ស្វាយរៀង ៖ ជនសង្ស័យជាជនជាតិវៀតណាម ចំនួន២នាក់ត្រូវបានកម្លាំងសមត្ថកិច្ច ប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិត ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០៥ និង៣០នាទី បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយទទួលសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ មានជនសង្ស័យ២នាក់ កំពុងជិះម៉ូតូឈប់ចុះឈប់ឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ១ គួរអោយសង្ស័យ ។ បន្ទាប់ពីទទួលបាន ព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ក៏ចេញល្បាតតាមរកមុខសញ្ញាខាងលើ លុះទៅដល់ចំណុចខាងកើតប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ក៏ប្រទះឃើញ មុខសញ្ញាដែលមានភិនភាគដូចខាងលើ កំពុងជិះម៉ូតូភ្លាមនោះជន សង្ស័យបានបិទភ្លើងម៉ូតូហើយជិះគេចខ្លួន តែត្រូវសមត្ថកិច្ច ដេញតាម និងឃាត់ខ្លួនបានជនសង្ស័យទាំងចំនួន០២នាក់នោះ គឺ:១-ឈ្មោះ ដង ហ្គ័ងបោវ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិធនទាន ឃុំដឹកធន ស្រុកហុងលេចខេត្តហាទិញ ប្រទេសវៀតណាម និង២-ឈ្មោះ ង្វៀង ហ្វាងវៀត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដមានទីលំនៅ ភូមិកឹងយួក ឃុំកឹងយួក ស្រុកកឹងយួក ខេត្តឡុងអាង ប្រទេសវៀតណាម ព្រមទាំងឆែកឆេរលើដងខ្លួនជនសង្ស័យឃើញមានសម្ភារ: សម្រាប់កាច់សោរកម៉ូតូដូចជា៖ ដែកឆាបសម្រាប់កាច់សោរកម៉ូតូ ចំនួន២ដើម សោរខ្សៀ ចំនួន២ដើម ទុល្វីស ចំនួន២ដើម ញញួរ ១ សោរ៦ ជ្រុង ចំនួន២ដើម និងសោរលេខ១០ មួយ និងនាំខ្លួន មកប៉ុស្តិ៍ សាកសួរ ។ នៅចំពោះសមត្ថកិច្ចជនសង្ស័យឈ្មោះង្វៀង ហ្វាងវៀត បានឆ្លើយសារភាពថា កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ខ្លួនបានជិះម៉ូតូដែលខ្លួនលួចបាន នៅព្រៃនគរ ប្រទេសវៀតណាមកាលពីអំឡុងឆ្នាំ២០២២ ហើយបានដាក់សម្ភារ:សម្រាប់កាច់សោរកម៉ូតូ ខាងលើ (គោលបំណងពេលលេងល្បែងចាញ់លួចម៉ូតូនៅកម្ពុជា)ចូលមកប្រទេសកម្ពុជា។ លុះដល់ម៉ោង៥ទៀបភ្លឺឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ខណៈពេល ខ្លួននិងឈ្មោះដង ហ្គ័ងបោវ កំពុងជិះម៉ូតូ ស្វែងរកលួចម៉ូតូ ស្រាប់តែសមត្ថកិច្ចនគរបាល ឃាត់ខ្លួនតែម្ដង ។

ចប្ចុប្បន្ន ជនសង្ស័យទាំង២នាក់និងវត្ថុតាងត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជួនទៅការិយាល័យជំនាញចាត់ការតាមនិតិវិធីច្បាប់៕